ដោយ៖ សុផារី
ភ្នំពេញ៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺប្រមូលចំពោះ អចលនទ្រព្យទាំងឡាយណាដែលត្រូវបានទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃ។
យោងតាមសៀវភៅណែនាំ “ស្តីពីពន្ធលើអចលនទ្រព្យ” របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃ លើសជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ បង្កើនសកម្មភាពសេដ្ឋកិច្ច និងកម្លាំងការងារ និងរួមចំណែកដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ឧទាហរណ៍៖ ដីឡូតិ៍ដែលមានសំណង់មួយកន្លែង ស្ថិតនៅជាយរាជធានីភ្នំពេញ មានទំហំ ២០ ម x ៦០ ម កម្មសិទ្ធិករបានដាក់ជួលក្នុងតម្លៃ១.៦០០.០០០៛ មួយខែ។ គេដឹងថាតម្លៃមូលដ្ឋានគិតពន្ធលើដីធ្លីមិនបានប្រើប្រាស់កំណត់ ដោយគណៈកម្មការវាយតម្លៃដីគឺ៤០.០០០៛ /ម៉ែត្រការ៉េ។
តើដីជួលមួយកន្លែងនេះជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ដែរឬទេ?
ដើម្បីកំណត់បានថាដីនេះត្រូវជាប់ពន្ធ ឬមិនជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ យើងត្រូវគណនារកលាភការ ប្រចាំខែដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនប្រើប្រាស់ដូចខាងក្រោម:
ផ្ទៃដីសរុប = ២០ម៉ែត្រ x ៦០ម៉ែត្រ = ១.២០០ម៉ែត្រការ៉េ
តម្លៃដីសរុប = ១.២០០ម៉ែត្រការ៉េ x ៤០.០០០៛ /ម៉ែត្រការ៉េ = ៤៨.០០០.០០០៛
លាភការប្រចាំខែកំណត់ដោយគណៈកម្មការ = (៤៨ ០០០ ០០០៛ ៖១២) x ០,០៨ = ៣២០ ០០០៛
លាភការប្រចាំខែកំណត់ដោយគណៈកម្មការ (៨០%) = ៣២០ ០០០៛ x៨០% = ២៥៦ ០០០៛
លាភការពីការជួលដីក្នុង១ខែ = ១ ៦០០ ០០០៛
ដោយលាភការប្រចាំខែទទួលបានពីការជួលដីនេះ ចំនួន១.៦០០.០០០រៀល លើសពី ៨០% នៃលាភការប្រចាំខែដែល កំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ចំនួន២៥៦.០០០រៀល ដូច្នេះ ដីនេះមិនត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នោះទេ៕