ដោយ៖ សុផារី
ក្រុងព្រះសីហនុ៖ ទីផ្សារអចលនទ្រព្យជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងក្រុងព្រះសីហនុ។ អ្នកជំនាញលើកឡើងថា ទីផ្សារមួយនេះទាមទារឱ្យមានការលើកទឹកចិត្តពិសេសពីសំណាក់រាជរដ្ឋាភិបាល ហើយក៏ពឹងផ្អែកលើទីផ្សារនៃវិស័យផ្សេងផងដែរ ដើម្បីអាចស្តារឡើងវិញបានឆាប់ៗ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានលើកឡើងកាលពីសប្តាហ៍មុន ដោយកោតសរសើរកម្ពុជាចំពោះគោលដៅរបស់ខ្លួនក្នុងការប្រែក្លាយខេត្តជាប់មាត់សមុទ្រទាំងបួននេះ ទៅជាតំបន់ទេសចរណ៍ ដើម្បីស្តារសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍របស់កម្ពុជា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។
លោកមានប្រសាសន៍ថា “ស្ថានភាពនៃការផ្លាស់ប្តូរ និងសម្ពាធកើនឡើង ជាពិសេសលើសកម្មភាពវិនិយោគក្នុងការសាងសង់សណ្ឋាគារ ផ្ទះសំណាក់ អាផាតមិន និងសេវាកម្មទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រទាំងបួននេះនឹងកាន់តែធំឡើង”។
លោកបន្តថា “ខេត្តព្រះសីហនុអាចទទួលបានលទ្ធផលវិជ្ជមានក្នុងល្បឿនលឿនជាងមុន ដោយសារខេត្តនេះមានការគាំទ្រលើការវិនិយោគ និងការស្នាក់នៅពីប្រជាពលរដ្ឋ ដែលមានមជ្ឈដ្ឋានចម្រុះ ជាពិសេសជនជាតិចិន មិនដូចខេត្តជាប់មាត់សមុទ្រផ្សេងទៀត”។
លោកបានបន្តថា វិស័យអចលនទ្រព្យដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវាមិនអាចរីកចម្រើនដោយខ្លួនឯងបានទេ ព្រោះវាអាស្រ័យលើវិស័យអាទិភាពមួយចំនួនដូចជា ទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងសុខភាពរបស់សហគ្រាសធុនតូច និងមធ្យម។
អ្នកជំនាញអចលនទ្រព្យរូបនេះជឿជាក់ថា វិស័យអចលនទ្រព្យអាចរីកចម្រើនបាន លុះត្រាតែរដ្ឋាភិបាលបើកយន្តការវិនិយោគ ដើម្បីជំរុញវិស័យអាទិភាពទាំងនេះឱ្យបានទូលំទូលាយ តាមរយៈយន្តការគាំទ្រដោយរដ្ឋាភិបាល និងយន្តការគាំទ្រដោយវិស័យឯកជន៕