ដោយ: លាងហួរ
ភ្នំពេញ: យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលមធ្យម។
IMF បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា៥ភាគរយនៅឆ្នាំ២០២២ និងកើនឡើងជិត៥,៥ភាគរយនៅឆ្នាំ២០២៣ ដោយអត្រានេះឆ្លុះបញ្ចាំងពីសម្ពាធខាងក្រៅ វិស័យអចលនទ្រព្យ និងវិស័យសំណង់។
របាយការណ៍ដដែលបានបន្ថែមថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត ត្រូវបានគាំទ្រដោយទ្រនាប់សេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងការឆ្លើយតបដ៏រ៉ឹងមាំចំពោះវិបត្តិ។
កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៦ភាគរយ នៅឆ្នាំ២០២៤ ហើយកំណើននេះនឹងវិលត្រឡប់ទៅរកអត្រាកំណើនប្រហែល៦,៥ភាគរយ ជាបណ្តើរៗ ក្នុងរយៈពេលមធ្យម។ ចំណែកអត្រាអតិផរណា ក្នុងប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងឈានដល់អត្រា៥,៨ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះដល់៣,៥ភាគរយ នៅឆ្នាំក្រោយ។
IMF បានបញ្ជាក់ថា ទោះបីជាវិបត្តិជំងឺកូវីដ-១៩ នឹងផ្តល់ផលប៉ះពាល់មួយចំនួនដល់កម្ពុជាយ៉ាងណាក្តី ប៉ុន្តែកំណែទម្រង់ ដែលកំពុងដំណើរការ ដូចជា ច្បាប់វិនិយោគថ្មី ដែលបង្កើតចំណុចទំនាក់ទំនងតែមួយសម្រាប់វិនិយោគិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី RCEP និង FTA នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម៕