ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ តំបន់ផ្លូវ៥១កំពុងទទួលបានចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសការវិនិយោគលើរោងចក្រឧស្សាហកម្មនៅតាមបណ្ដោយផ្លូវនេះ។ជាក់ស្ដែង រោងចក្រផលិតកេសកាតុង តម្លៃប្រមាណ៥,៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឱ្យវិនិយោគជាផ្លូវការ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ឱ្យដឹងថា រោងចក្រផលិតកេសកាតុងនេះវិនិយោគ ដោយក្រុមហ៊ុន DAY SEN PACKAGE CO., LTD នឹងបង្កើតការងារបានប្រមាណ៧៨០នាក់។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ បានមើលឃើញថា មួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគតូចធំបានដាក់ទីតាំងវិនិយោគរបស់ខ្លួន នៅលើផ្លូវ៥១ ដែលធ្វើឱ្យតំបន់នៅតាមបណ្ដោយផ្លូវនេះកាន់ តែមានភាពទាក់ទាញ។
លោក ផូន សុអុនដែន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន KH Land បានលើកឡើងថា “ក្នុងឆ្នាំ២០២២ យើងឃើញមានក្រុមហ៊ុនវិនិយោគិនធំៗ ដែលមានដីនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ បានចាប់ផ្ដើមបញ្ចេញសកម្មភាព នៃការវិនិយោគលើរោងចក្រឧស្សាហកម្ម ដែលសកម្មភាពទាំងនេះបង្ហាញថាតំបន់ផ្លូវលេខ៥១ មានភាពទាក់ទាញខ្លាំងលើរោងចក្រឧស្សាហកម្ម”។
លោកបន្តថា “ទន្ទឹមនឹងមានការវិនិយោគលើរោងចក្រឧស្សាហកម្មនេះដែរ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនចូល ទៅកាន់តំបន់នោះអភិវឌ្ឍន៍ ផ្គត់ផ្គង់បំពេញតម្រូវការបច្ចុប្បន្ន និងនៅពេលអនាគត ហើយលោកជឿជាក់ថា នៅពេលឆាប់ៗនេះតំបន់ផ្លូវ៥១នឹងដូចផ្លូវកប់ស្រូវ នាពេលបច្ចុប្បន្ននេះអញ្ចឹងដែរ”។
លោក សន សៀប នាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានមានប្រសាសន៍ថា បើគេនិយាយពីការវិនិយោគរោងចក្រឧស្សាហកម្ម មួយចំនួនផ្ដោតលើតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជា នៅតាមបណ្ដោយផ្លូវ៤២ ផ្លូវ៤១ និងផ្លូវ៥១ជាដើម ពីព្រោះតំបន់នេះជាតំបន់ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ និងចូលទីតាំងផលិត៕