ស្ថានភាពអចលនទ្រព្យតាមខេត្តជាប់ព្រំដែនរំពឹងសញ្ញាវិជ្ជមានកាន់តែប្រសើរនៅឆ្នាំ២០២៣

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ប្រៀបធៀបទៅនឹងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ ឆ្នាំ២០២២នេះជាឆ្នាំមួយ ដែលចាត់ទុកថាប្រសើរសម្រាប់សេដ្ឋកិច្ច និងអចលនទ្រព្យរបស់កម្ពុជា។ នៅឆ្នាំ២០២៣ខាងមុខនេះបណ្ដាខេត្តតាមព្រំដែនកម្ពុជាក៏រំពឹងថា នឹងមានកាន់តែភាពល្អប្រសើរ។

លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម បានមានប្រសាសន៍ថា តំបន់ជាប់ព្រំដែនកម្ពុជាវៀតណាម នៅក្នុងខេត្តស្វាយរៀង នារយៈពេលចុងឆ្នាំនេះ ហាក់មានសញ្ញានៃការងើបឡើងវិញច្រើន។ ជាពិសេស ក្រោយមានកិច្ចប្រជុំកំពូលអាស៊ានរួចមកហើយ ឃើញមានគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលរដ្ឋាភិបាលបានចុះហត្ថលេខាជាមួយដៃគូវិនិយោគ ដែលធ្វើឱ្យវិនិយោគិនក្នុងស្រុក បានបង្ហាញពីការចាប់អារម្មណ៍លើការវិនិយោគ ជាពិសេសដីធ្លី។

លោកបន្តថា មួយរយៈចុងក្រោយនេះ ឃើញម្ចាស់គម្រោង ដែលបានត្រៀមខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តស្វាយរៀង បានចុះមកមើលទីតាំងវិនិយោគរបស់ខ្លួន និងសិក្សាពីផែនការរបស់ខ្លួន ដើម្បីត្រៀមនឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ខាងមុខនេះ។ អ្វីដែលពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតក៏បានចុះហត្ថលេខារួចរាល់ ដែលជាសញ្ញាកាន់តែប្រសើរ សម្រាប់ការនាំយកវិនិយោគិន មកកាន់ទឹកដី នៃតំបន់ព្រំដែនកម្ពុជាវៀតណាម។

លោកបញ្ជាក់ថា តាមរយៈសកម្មភាពទាំងនេះ បានបញ្ជាក់ពីសញ្ញាកាន់តែវិជ្ជមាន សម្រាប់តំបន់ព្រំដែនកម្ពុជា ហើយក៏ជាឱកាស សម្រាប់វិនិយោគិន ក្នុងការចាប់យក ដើម្បីរកប្រាក់ចំណេញ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក ហេង តុងហៃ ប្រធានសាខានៃ Century 21 ប្រចាំខេត្តប៉ៃលិនក៏បានឱ្យដឹងថា សកម្មភាពទិញលក់ដីធ្ល នៅក្នុងខេត្តប៉ៃលិន។ ជាពិសេស នៅច្រកព្រំដែនកម្ពុជាថៃ ក្នុងរយៈពេលចុងឆ្នាំ បានបង្ហាញសញ្ញាល្អច្រើន និងជាសញ្ញា ដែលនឹងបង្ហាញពីការវិលទៅរកស្ថានភាពដូចមុនកូវីដ១៩បណ្ដើរៗ។ អ្វីដែលពិសេសតម្លៃដីធ្លី នៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ទោះបីក្នុងវិបត្តិកូវីដ១៩ក្ដីតែនៅរក្សាតម្លៃបានល្អ ដដែល គ្រាន់តែការទិញលក់មានសកម្មភាពថមថយ។

លោកបន្តថា បច្ចុប្បន្នឃើញមានការទិញលក់ក៏មានភាពប្រសើរបន្តិចតែមិនទាន់មានច្រើនទេ។ យ៉ាងណាក្ដី តាមរយៈសកម្មភាពនេះ ក៏អាចនឹងជំរុញឱ្យសកម្មភាពឆ្នាំក្រោយបានប្រសើរឡើងវិញដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ ប្រចាំប្រទេសកម្ពុជាមួយចំនួន ក៏បានបង្ហាញផងដែរ ពីសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ដោយលើកឡើងពីសក្ដានុពលមួយចំនួន ក្នុងនោះផ្នែកមួយចំនួននៃវិស័យអចលនទ្រព្យរំពឹងថា នឹងមានសន្ទុះជាងមុនកូវីដទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here