ស្ថានីយវារីអគ្គិសនីធំបំផុតទី២តម្លៃជាង២០ពាន់លានដុល្លារនៅប្រទេសចិនបានបញ្ចប់ការសាងសង់

0

ដោយៈ សុខុម

ហុងកុង: គម្រោងស្ថានីយវារីអគ្គិសនីធំបំផុតទី២ ក្នុងប្រទេសចិន ដែ​លស្ថិតនៅខ្សែទឹកខាងលើនៃទន្លេយ៉ាងសេ (Yangtze River) ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការកាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ បន្ទាប់ពីទួប៊ីនចុងក្រោយ ត្រូវបានតភ្ជាប់ទៅបណ្តាញបញ្ជូនអគ្គិសនី។

យោងតាមស្ថានីយទូរទស្សន៍រដ្ឋចិន CCTV បានឱ្យដឹងថា ស្ថានីយវារីអគ្គិសនី Baihetan Dam ត្រូវបានបំពាក់ដោយទួប៊ីនចំនួន១៦ ដែលមានអានុភាពផលិតថាមពលអគ្គិសនី បាន១ជីហ្គាវ៉ាត់(GW) ដែលធ្វើឱ្យវាក្លាយជាស្ថានីយវារីអគ្គិសនីធំបំផុតទី២ ក្នុងប្រទេសចិន និងពិភពលោក បន្ទាប់ពីស្ថានីយវារីអគ្គិសនី Three Gorges ដែលស្ថិតនៅលើទន្លេ Yangtze ដូចគ្នា។

ស្ថានីយវារីអគ្គិសនីនេះ មានអានុភាពផលិតអគ្គិសនី បានរហូតដល់ទៅប្រមាណ៦២,៤៤ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ជារៀងរាល់ឆ្នាំ ដែលអាចជួយសន្សំសំចៃធ្យូងថ្ម ប្រមាណ៩០,៤៥លានតោនក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយឧស្ម័ន កាបូនឌីអុកស៊ីតប្រចាំឆ្នាំ បាន២៤៨,៤លានតោន។

ស្ថានីយវារីអគ្គិសនី Baihetan ស្ថិតក្នុងចំណោមស្ថានីយវារីអគ្គិសនីខ្នាតយក្សចំនួន៦ ដែលស្ថិតនៅតាមបណ្ដោយទន្លេ Yangtze ដែលជាទន្លេវែងជាងគេនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន Three Gorges Corporation ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះលើកឡើងថា ទំនប់វារីអគ្គិសនីប្រវែង២៨៩ម៉ែត្រនេះ ស្ថិតក្នុងចំណោមគម្រោងវិស្វកម្មធំៗបំផុត និងពិបាកបំផុតនៅក្នុងប្រទេសចិន។

គម្រោងស្ថានីយវារីអគ្គិសនី Baihetan បានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០១៧ ជាមួយនឹងទំហំទុនវិនិយោគ សរុបប្រមាណ២៤,៣៨ពាន់លានដុល្លារ ហើយវានឹងផ្គត់ផ្គង់អគ្គិសនី ទៅកាន់ទីក្រុងនានានៅភាគខាងកើតនៃប្រទេសនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here