ដោយ: លាងហួរ
បាងកក: អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រីRatchada Thanadirek បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័ត ផែនការប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងទីក្រុងឆ្លាតវៃ ដែលមានតម្លៃ១,៣៥ពាន់ពាន់លានបាត (ប្រហែល៣៨,៨ពាន់លានដុល្លារ) នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត(EEC) ។
យោងតាមផែនការរបស់រដ្ឋាភិបាលបានបង្ហាញថា ទីក្រុងនេះនឹងត្រូវបានសាងសង់នៅឆ្នាំ២០២៧ ហើយនិងត្រូវបានអភិវឌ្ឍ ទៅជាទីក្រុងឆ្លាតវៃមួយ ក្នុងចំណោមទីក្រុងឆ្លាតវៃកំពូលទាំង១០ របស់ពិភពលោកនៅឆ្នាំ២០៣៧។
លោកស្រីបានបន្តថា “ទីក្រុងនេះក៏នឹងធ្វើជាគំរូ សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃផ្សេងទៀតនៅទូទាំងប្រទេសថៃផងដែរ”។
នេះគឺជាគម្រោងដ៏ធំទី៥ នៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងច្រករបៀង(EEC) បន្ទាប់ពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន រវាងព្រលានយន្តហោះចំនួន៣ ការពង្រីកព្រលានយន្តហោះU-tapao កំពង់ផែឧស្សាហកម្ម Map Ta Phut ដំណាក់កាលទី៣ និងកំពង់ផែLaem Chabang ដំណាក់កាលទី៣។
ចំណែកគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ដែលមានរយៈពេល១០ឆ្នាំនេះ នឹងត្រូវបែងចែកជា៣ដំណាក់កាល។
នៅក្នុងដំណាក់កាលដំបូង ចាប់ពីឆ្នាំ២០២៣-២០២៧ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ បូករួមទាំងអគាររដ្ឋាភិបាល និងលំនៅដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីទំហំ៥.៧៩៥រ៉ៃ ស្មើនឹង៤០ភាគរយនៃគម្រោងទាំងមូល។
នៅក្រោមដំណាក់កាលទីពីរ ចាប់ពីឆ្នាំ២០២៨-២០២៩ មជ្ឈមណ្ឌលពាណិជ្ជកម្មនឹងត្រូវបានពង្រីក ហើយមជ្ឈមណ្ឌលវេជ្ជសាស្ត្រត្រូវបានសាងសង់លើផ្ទៃដីទំហំ៤.២៥៤រ៉ៃ ស្មើនឹង២៩ភាគរយនៃគម្រោងទាំងមូល។
ដំណាក់កាលទី៣ចុងក្រោយ នឹងអនុវត្តន៍ចាប់ពីឆ្នាំ២០៣០-២០៣២ទំហំផ្ទៃដី ដែលនៅសល់ចំនួន៤.៥៧០រ៉ៃ នឹងត្រូវបានអភិវឌ្ឍជាអគារពាណិជ្ជកម្ម និងលំនៅដ្ឋាន ដើម្បីសម្រួលដល់ចំនួនប្រជាជន ដែលកំពុងកើនឡើង។
រដ្ឋាភិបាលថៃបានព្យាករណ៍ថា ទីក្រុងឆ្លាតវៃនេះនឹងអាចផ្ទុកមនុស្សបានចំនួន៣៥ម៉ឺននាក់នៅឆ្នាំ២០៣២ និងបង្កើតការងារយ៉ាងហោចណាស់ចំនួន២០០.០០០ ដែលមានតម្លៃយ៉ាងហោចណាស់១,២ពាន់ពាន់លានបាត។
មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនេះត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ចន្លោះពី១៥០ទៅ៣០០ក្រុមហ៊ុន ដែលបោះទុនវិនិយោគប្រហែល១,៣៥ពាន់ពាន់លានបាត នៅក្នុងច្រករបៀង(EEC) ។
គម្រោងនេះ នឹងជំរុញផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសថៃប្រមាណ២ពាន់ពាន់លានបាត ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
លោកស្រី Ratchada បានអះអាងថា ដី និងអចលនទ្រព្យ ដែលបានជួល នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម EEC និងទីក្រុងឆ្លាតវៃ នឹងត្រូវផ្ទេរទៅរដ្ឋាភិបាលវិញក្នុងរយៈពេល៥០ឆ្នាំ។
លោកស្រី Ratchada បានបញ្ជាក់ថា ថវិកាសម្រាប់ផែនការទាំងនេះមានប្រភពពីរដ្ឋាភិបាលចំនួន២,៨ភាគរយ វិស័យឯកជនចំនួន៨៧,៥ភាគរយ និងសហគ្រាសរដ្ឋ ឬភាពជាដៃគូសាធារណៈ-ឯកជនចំនួន៩,៧ភាគរយ៕