ដោយៈ សុផារី
ភ្នំពេញៈ ក្រោយខកខានចំនួន៤ឆ្នាំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តត្រូវបានរាជរដ្ឋាភិបាលប្រកាសឱ្យធ្វើឡើងវិញនៅឆ្នាំ២០២៣។
សហភាពសហព័ត្ឋយុវជនកម្ពុជា បានអះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំក្រោ យនេះនឹងធ្វើធំជាងមុន ពោលនឹងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើនចំនួន៤៤កម្មវិធី នៅតាមទីតាំងចំនួន៦។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងធ្វើឡើងនៅថ្ងៃទី១៤- ១៦ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែមុនព្រឹត្តិការណ៍អង្គរសង្រា្កន្តមកដល់ គឺនៅថ្ងៃទី០៨-០៩ ខែមេសា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង កម្មវិធីជិះកង់កម្សាន្ត មានការប្រគំតន្ត្រីនៅតាមឧទ្យាន្តអង្គរ និងមានការអុំទូកនៅតាមដងស្ទឹងសៀមរាប។
លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ មិនត្រឹមត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុណ្ណោះទេ តែក៏ផ្សារភ្ជាប់ព្រឹត្តការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។
ជាមួយគ្នានេះ លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ កម្ពុជាគ្រោងនឹងបំបែកឯកត្តកម្ម ពិភពលោកចំនួន២បន្ថែមទៀត។ យ៉ាងណាក្តី លោកមិនលម្អិតថា តើនឹងបំបែកឯកត្តកម្មពិភពលោកអ្វីនោះទេ ដោយនឹងព័ត៌មានលម្អិតនៅពេលក្រោយ។
លោកបញ្ជាក់ថា ក្នុងព្រឹតិ្តការណ៍អង្គរសង្រា្កន្តឆ្នាំ២០២៣ នឹងមានអ្វីពិសេសជាងមុន ពោលនឹងមានវត្តមាននំអន្សមយក្ស និងវត្ថុយក្សជាច្រើនទៀត ដែលធ្លាប់មានវត្តមាននៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្ត នៅបណ្តាឆ្នាំមុនៗ សាជាថ្មីក្នុងព្រឹតិ្តការណ៍អង្គរសង្រា្កន្តឆ្នាំ២០២៣។
លោកបានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្តកាលពីឆ្នាំ២០១៨កន្លងមក ខេត្តសៀមរាបរកចំណូលបានជាង១លានដុល្លារ ពីភ្ញៀវទេសចរចំនួន១,៨លាននាក់ ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា។
កន្លងមក នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង២០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់៤តោន។ នៅក្នុងឆ្នាំ២០១៧ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក លើចាប៉ីដងវែងយក្សដែលមានប្រវែង៧,៧០ម៉ែត្រ ហើយនៅឆ្នាំ២០១៨ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោកចំនួន២ទៀត ក្នុងនោះគឺទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង៨៧,៣ម៉ែត្រ និងក្រមាយក្សវែងជាងគេដែលមានប្រវែង១,៤៤៩ម៉ែត្រ៕