ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជំនាញកូរ៉េបានប្រារព ពិធីប្រគល់-ទទួល ប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា (Cambodia National Logistics Information Portal) ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េជូនកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីនេះមានការចូលរួមជាអធិបតី ពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោកបណ្ឌិតKIM Jong-hak អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានKRIHS តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ សមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញផ្លូវគោកនៃកម្ពុជា និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ មកពីគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង។
ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រគល់ជូនប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា ក្រោមគម្រោងសហប្រតិបត្តិការ “Cambodia Master Plan of Logistics System Modernization and Pilot Project of Logistics Computer System” ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ជូនព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់គ្រប់គ្រង និងថែទាំបន្ត។
ប្រព័ន្ធនេះត្រូវបានដំឡើងរួចរាល់ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) រួមរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានឆ្លងកាត់ការត្រួតពិនិត្យ និងប្រជុំពិភាក្សាជាច្រើនលើកច្រើនសារ ជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីធានាឱ្យបាននូវកម្រិតស្តង់ដារ និងនិរន្តរភាពការងារ។
ការប្រគល់ជូននូវប្រព័ន្ធផតថលព័ត៌មាន ភស្តុភារកម្មជាតិកម្ពុជានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យសម្រេចបាននូវគោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មជាតិកម្ពុជា ដែលបានផ្តោតលើគោលដៅសំខាន់ៗចំនួន៣ ដូចជា ទី១ ការបង្កើតផែនការមេប្រព័ន្ធគ្រប់គ្រងព័ត៌មានភស្តុភារកម្មជាតិ ទី២ ការអនុវត្តសាកល្បងនៃប្រព័ន្ធព័ត៌មានភស្តុភារកម្ម និងទី៣ ការបង្កើនសមត្ថភាពរបស់មន្រ្តីរាជការ តាមរយៈការបណ្តុះបណ្តាលក្នុងប្រទេស និងនៅប្រទេសកូរ៉េផងដែរ៕