ដោយ: គង់ លាងហួរ
ប៉េកាំង: លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសកលចូលតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តងើបឡើងវិញ ដល់កម្រិតមុនវិបត្តិជំងឺកូវីដ ដោយប្រទេសចិន នៅតែជាទិសដៅវិនិយោគកំពូលនៅតំបន់អាស៊ី។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃអង្គារនេះ។
យោងតាមរបាយការណ៍ សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ២០២៣ បានឱ្យដឹងថា លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើង៦៤,៣ភាគរយនៅឆ្នាំ២០២១ ពោលគឺខ្ពស់ជាងជិត៧ភាគរយ ក្នុងឆ្នាំ២០១៩ និងគ្រប់ដណ្តប់រហូតដល់៤០ភាគរយ នៃលំហូរFDI លើពិភពលោកក្នុងឆ្នាំ២០២១។
នៅក្នុងនោះដែរ ប្រទេសចិននៅតែបន្តរក្សាតំណែងរបស់ខ្លួន ជាគោលដៅកំពូលសម្រាប់លំហូរ FDI សកលនៅក្នុងតំបន់អាស៊ី។
ទន្ទឹមនឹងនេះ លំហូរវិនិយោគខាងក្រៅពីតំបន់អាស៊ី បានងើបឡើងវិញ១៥,២ភាគរយក្នុងឆ្នាំ២០២១។
របាយការណ៍ខាងលើបានបន្តថា “ដោយមានភាពរ៉ឹងមាំ នៅឆ្នាំ២០២១ លំហូរFDI អាចថយចុះវិញនៅឆ្នាំ២០២២ ដោយសារបរិយាកាសពិភពលោកមានភាពមិនច្បាស់លាស់”។
ជំពូកនៃការវិនិយោគ នៅក្នុងកិច្ចព្រមព្រៀងតំបន់មេហ្គាថ្មី ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់(RCEP) អាចបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការវិនិយោគផងដែរ។
យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា ទិន្នន័យកម្រិតដ៏រ៉ឹងមាំ ក៏បានបង្ហាញពីភាពធន់របស់តំបន់អាស៊ី ក្នុងការទាក់ទាញលំហូរ FDI ផងដែរ។
លំហូរវិនិយោគវិស័យ Greenfield ក្នុងតំបន់បានកើនឡើង០,៨ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ៤០,៩ភាគរយក្នុងឆ្នាំ២០២០។
របាយការណ៍ដដែលបានបន្ថែមថា ក្រៅពីនោះការផលិត ការវិនិយោគលើវិស័យបៃតង ក៏បានកើនឡើងជាចម្បង នៅក្នុងសកម្មភាពអាជីវកម្មដូចជា អគ្គិសនី បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងផងដែរ៕