សុខុម
ក្រុងរីយ៉ាដៈ ជំរុញដោយប្រេងហក់ឡើងថ្លៃខ្ពស់ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ទីផ្សារអចលនទ្រព្យនៅតំបន់មជ្ឈិមបូព៌ា នឹងសម្រេចបានកំណើនខ្ពស់ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការព្យាកររបស់ក្រុមហ៊ុន CBRE នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន។
ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពាណិជ្ជកម្ម និងក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មួយនេះលើកឡើងថា ទាំងវិស័យដែលបំភាយឧស្ម័នអ៊ីដ្រូកាបូន និងវិស័យដែលមិនបំភាយឧស្ម័នអ៊ីដ្រូកាបូនសុទ្ធតែហក់ងើបឡើងក្នុងកម្រិតខ្ពស់ក្នុងឆ្នាំ២០២២ ដោយសេដ្ឋកិច្ចនៅក្នុងតំបន់ “ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” (Gulf Cooperation Council) ហៅកាត់ GCC សម្រេចបានកំណើនខ្ពស់ជាងកំណើនជាមធ្យមរបស់ពិភពលោកទាំងមូលក្នុងឆ្នាំ២០២២។
យោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃសុក្រ ទី៣ ខែមីនា នេះឱ្យដឹងថា តំបន់ GCC រួមមានដូចជាប្រទេសបារ៉ែន កូវែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមអេមីរ៉ាត។
ក្រុមហ៊ុន CBRE និយាយថា ក្នុងរយៈពេលនេះ បណ្តាប្រទេស GCC សម្រេចបានកំណើនជាមធ្យមក្នុងរង្វង់៦,៣% ហើយនៅពេលឈានចូលដល់ឆ្នាំ២០២៣ កំណើនផលទុនជាតិសរុប (GDP) នៃប្រទេសទាំងនោះត្រូវបានរំពឹងថានឹងឈានដល់២,៧%។
តម្លៃសរុបនៃគម្រោងអចលនទ្រព្យដែលបានគ្រោងទុក ឬដែលកំពុងសាងសង់នាពេលបច្ចុប្បន្នក្នុងតំបន់ GCC មានតម្លៃប្រមាណ១,៣៦ទ្រីលានដុល្លារ។
ក្នុងនោះប្រទេសអារ៉ាប៊ីសាអូឌីត មានចំណែករហូតដល់ទៅ៦៤,៥%នៃចំនួនសរុបនេះ ឬស្មើនឹង៨៧៧ពាន់លានដុល្លារ បន្ទាប់មកប្រទេសអារ៉ាប់រួមអេមរីរ៉ាត ដែលមានចំណែក២១,៦%នៃចំនួនសរុបនេះ ឬស្មើ២៩៣ពាន់លានដុល្លារ។ ទន្ទឹមនេះប្រទេសបារ៉ែន មានចំណែកត្រឹមតែ១,៧% កូវែត មានចំណែក៤,៤% អូម៉ង់ មានចំណែក៤,៦% ហើយកាតា មានចំណែកត្រឹមតែ៣,៣%ប៉ុណ្ណោះ។
របាយការណ៍ដដែលបង្ហាញថា ខណៈកម្រិតនៃការវិនិយោគលើអចលនទ្រព្យជាផ្នែកស្នូលនៃយុទ្ធសាស្ត្រធ្វើពិពិធកម្មរបស់ប្រទេសមួយចំនួន ការបន្តការអភិវឌ្ឍ និងការបន្ធូរបន្ថយបទប្បញ្ញត្តិនានាពិតជាសារៈសំខាន់នៅក្នុងការគាំទ្រគំនិតផ្តួចផ្តើមទាំងនេះ៕ Arab News៕