ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ឆ្នាំ២០២៣ជាឆ្នាំដែលកម្ពុជា ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដោយគម្រោងធំៗចំនួន បានចាប់ផ្ដើមនិងសម្រេចបាននៅក្នុងឆ្នាំនេះ។
ជាក់ស្ដែងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងបញ្ចប់នៅក្រោយចូលឆ្នាំខ្មែរ២០២៣នេះ ហើយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរក៏គ្រោងនឹងបញ្ចប់និងដាក់ឱ្យហោះហើរសាកល្បងនៅអំឡុងខែមិថុនា ឆ្នាំ ២០២៣នេះដែរ ។ នៅអំឡុងខែមិថុនានោះដែរកម្ពុជា ក៏គ្រោងនឹងបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីភ្នំពេញទៅបាវិត។
នៅក្នុងជំនួបជាមួយសម្ដេចតេជោហ៊ុន សែននាយរកដ្ឋមន្ត្រីនៃ កម្ពុជា លោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group សាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ បានជម្រាបពីវឌ្ឍនភាពនៃការសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៦ មិនា លោកLiu Minglin បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះ សាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។
លោក Liu Minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីបំណង ចង់ធ្វើការផ្សព្វផ្សាយ អំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឲ្យបានទូលំទូលាយ ដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយលោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោក ដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តសៀមរាបទៀតផង ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឱ្យការសាងសង់នោះ ត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការហោះហើរ។
សម្តេចតេជោបានមានប្រសាសន៍ថា “ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដា ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក”។ សម្តេចបន្តថា “ពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ”។
សម្តេចតេជោក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ ដើម្បីទាក់ទាញឱ្យមានការហោះហើរ មកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាប និងចង់វិនិយោគលើវិស័យ ថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប៕