ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ កំពង់ស្ពឺជាខេត្តដែលមានសក្ដានុពល ក្នុងការទាក់ទាញគម្រោងវិនិយោគ ជាពិសេសគម្រោងវិនិយោគលើឧស្សាហកម្ម ហើយក្នុងរយៈពេល២ខែដើមឆ្នាំ ២០២៣នេះ កំពង់ស្ពឺជាខេត្តដែលទទួលបានគម្រោងវិនិយោគអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាច្រើនជាងគេរហូតដល់១២គម្រោង និងមានទឹកប្រាក់វិនិយោគជាង១០០លានដុល្លារអាមេរិក។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយតាំងពីខែមករា រហូតដល់ដំណាច់ខែកុម្ភៈ ២០២៣ បានបង្ហាញថា ក្នុងចំណោមបណ្ដាស្រុកនានាក្នុងខេត្តនេះ មានស្រុកបីដែលទទួលបានគម្រោងវិនិយោគទាំង១២ ក្នុងនោះរួមមានស្រុកគង ពិសីចំនួន៥គម្រោង ស្រុកសំរោងទងចំនួន៥គម្រោង ស្រុកភ្នំស្រួចចំនួន ១ និងស្រុកឧដុង្គចំនួន១គម្រោងដែរ ។
ក្នុងចំណោមគម្រោងទាំង១២ នៅក្នុងខេត្តកំពង់ស្ពឺនេះរួមមានដូចជា ទី១ -គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ក្នុងស្រុកគងពិសី ក្នុងទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៧១៤កន្លែង។
ទី២- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ក្នុងស្រុកគងពិសី ក្នុងទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧៣៨កន្លែង។
ទី៣- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ក្នុងស្រុកគងពិសី មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង។
ទី៤- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងស្រុកសំរោងទង មានទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនជាង៣០០០នាក់ ។
ទី៥- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ក្នុងស្រុកសំរោងទង ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥៣១កន្លែង។
ទី៦- គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ក្នុងស្រុកសំរោងទង មានទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៧៨កន្លែង។
ទី៧- គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម ក្នុង ស្រុកគងពិសី មានទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦៣កន្លែង។
ទី៨- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ក្នុងស្រុកភ្នំស្រួច មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២.១៣៥កន្លែង។
ទី៩- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ក្នុងស្រុកគងពិសី មានទុនវិនិយោគប្រមាណ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧៩៨កន្លែង។
ទី១០ -គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ក្នុងស្រុកសំរោងទងមានទុនវិនិយោគប្រមាណ ១៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៩៥៥កន្លែង។
ទី១១- គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ក្នុងស្រុកឧដុង្គ មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.០៧៦កន្លែង។
ទី១២- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅ ស្រុកសំរោងទង ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២.១៤៨កន្លែង ៕