គំនិតផ្តួចផ្តើមរបស់កម្ពុជានៅក្នុងតំបន់ពាណិជ្ជកម្មសេរីត្រូវការដៃគូនានាដើម្បីធានាបាននូវអត្ថប្រយោជន៍

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: គំនិតផ្តួចផ្តើមមួយទាមទារ ឱ្យមានភាពជាដៃគូរវាងតំបន់ពាណិជ្ជកម្មសេរី(FTZ)នៅទូទាំងពិភពលោក ត្រូវបានដាក់ឱ្យដំណើរការនៅឯវេទិកា អភិវឌ្ឍន៍កំពង់ផែសេរីសកល ក្នុងអំឡុងសន្និសីទប្រចាំឆ្នាំរបស់វេទិកា Boao សម្រាប់តំបន់អាស៊ីឆ្នាំ២០២៣។

កំពង់ផែពាណិជ្ជកម្មសេរី Hainan បានចូលរួមជាមួយ FTZs សាកល្បងចំនួន១៩ នៅចិនដីគោក និង FTZs ក្រៅប្រទេសចំនួន៦ រួមទាំងតំបន់ Jebel Ali Free នៅទីក្រុងឌូបៃ ទីក្រុងសេរីអន្តរជាតិ Jeju របស់កូរ៉េខាងត្បូង និងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុនៅកម្ពុជា។

លោក Li Rongcan ប្រធានគណៈកម្មាធិការ Hainan នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន បានថ្លែងនៅក្នុងវេទិកាថា “តំបន់ពាណិជ្ជកម្មសេរី គឺជាអ្នកត្រួសត្រាយ ក្នុងការអភិវឌ្ឍន៍ប្រទេស និងតំបន់របស់ពួកគេ ហើយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការ អន្តរជាតិកាន់តែស៊ីជម្រៅ”។

លោកសុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា ការវិនិយោគធុរកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការកសាងធនធានមនុស្ស គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់តំបន់ពាណិជ្ជកម្មសេរី FTZ ។

ទន្ទឹមនឹងនេះដែរលោក Li បានអះអាងថា “យើងសង្ឃឹមថា តំបន់ពាណិជ្ជកម្មសេរីនានា អាចធ្វើការរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ដ៏រឹងមាំ និរន្តរភាព តុល្យភាព និងរួមបញ្ចូលនៃសេដ្ឋកិច្ចពិភពលោកក្នុងយុគសម័យក្រោយជំងឺកូវីដ-១៩”។

ឆ្នាំនេះគឺជាឆ្នាំទី១០ ចាប់តាំងពីមានការបង្កើត តំបន់ពាណិជ្ជកម្មសេរីសាកល្បងនៅក្នុងប្រទេសចិន និងជាឆ្នាំទី៥ ចាប់តាំងពីការប្រកាសកំពង់ផែពាណិជ្ជកម្មសេរី នៅក្នុងខេត្ត Hainan ។

លោក Li បានបន្ថែមថា “រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការកសាងតំបន់ពាណិជ្ជកម្មសេរី និងអនុវត្តយុទ្ធសាស្រ្តនៃការធ្វើឱ្យប្រសើរឡើង នូវតំបន់ពាណិជ្ជកម្មសេរីសាកល្បង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here