ទស្សនាវដ្ដី Forbes៖ ជនជាតិថៃ៣រូបស្ថិតក្នុងចំណោមមហាសេដ្ឋីដ៏មានបំផុតទាំង១៥០របស់ពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មហាសេដ្ឋីរបស់ប្រទេសថៃ៣រូប បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមអ្នកមានបំផុតលើពិភពលោក ក្នុងបញ្ជីមហាសេដ្ឋីពិភពលោកចំនួន២.៦៤០នាក់ក្នុងឆ្នាំ២០២៣នេះ ខណៈប្រទេសនេះ មានមហាសេដ្ឋីចំនួន២៨នាក់នៅក្នុងបញ្ជីនេះ។

លោក Dhanin Chearavanont ដែលជាប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនអាហារ និងកសិកម្មធំជាងគេរបស់ប្រទេសថៃ គឺក្រុមហ៊ុន Charoen Pokphand (CP) Group ត្រូវបានទស្សនាវត្តី Forbes ចាត់ចំណាត់ថ្នាក់ ជាមហាសេដ្ឋីលំដាប់ទី១១៦ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ សុទ្ធចំនួន១៤,៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

មហាសេដ្ឋី​ថៃ​ពីរ​នាក់​ផ្សេង​ទៀត​ ក្នុង​បញ្ជី​គឺ​ជា​មហាសេដ្ឋី​ក្រុមហ៊ុនគ្រឿង​ស្រវឹង និង​អចលន​ទ្រព្យ​លោក Charoen Sirivadhanabhakdi ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ១១៨ ដោយ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ១៤,៨ពាន់​លាន​ដុល្លារ និងមហាសេដ្ឋីក្រុមហ៊ុមថាមពល លោកSarath Ratanavadi ស្ថិតនៅលំដាប់ទី១៤១ ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មាន ចំនួន១២,៣ពាន់លានដុល្លារ។

 

មហាសេដ្ឋីស្ថិតក្នុងបញ្ជីរឆ្នាំនេះ ស្ទើរតែពាក់កណ្តាលគឺមានទ្រព្យសម្បត្តិតិចជាងឆ្នាំមុន រួមទាំងលោក Elon Musk ដែលបានធ្លាក់ចុះ ចំណាត់ថ្នាក់ពីមហាសេដ្ឋីលេខ១ ដល់លេខ២ បន្ទាប់ពីការទិញយកបណ្តាញសង្គមTwitter ដ៏មានតម្លៃថ្លៃរបស់លោក ដែលបាននាំឱ្យផ្សារហ៊ុន Tesla ដាំក្បាលចុះ។

លោក Bernard Arnault ប្រធានក្រុមហ៊ុនទំនិញប្រណិតយក្ស LVMH ចូលកាន់តំណែងជាមហាសេដ្ឋី ដ៏មានបំផុតរបស់ពិភពលោក ដោយនេះជាលើកទីមួយហើយ ដែលពលរដ្ឋបារាំងនាំមុខគេ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានមហាសេដ្ឋីច្រើនជាងគេ ដែលមានសមាជិកចំនួន៧៣៥នាក់ នៅក្នុងបញ្ជីដែលមានទ្រព្យតម្លៃសរុបចំនួន៤,៥ពាន់ពាន់លានដុល្លារ។

ចំណែកប្រទេសចិន (រួមទាំងហុងកុង និងម៉ាកាវ) នៅតែជាប្រទេសមានមហាសេដ្ឋីច្រើនលំដាប់ទី២ ចំនួន៥៦២នាក់ ដែលមានតម្លៃ២ពាន់ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលមានមហាសេដ្ឋីចំនួន១៦៩នាក់ និងមានតម្លៃ៦៧៥ពាន់លានដុល្លារ។

ដើម្បីគណនាទ្រព្យសម្បត្តិសុទ្ធ ទស្សនាវដ្តីដ៏ល្បីរបស់សហរដ្ឋអាមេរិក Forbes បានប្រើតម្លៃភាគហ៊ុន និងអត្រាប្តូរប្រាក់ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here