ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន កាលពីថ្ងៃទី១៤ មេសា ២០២៣ ថា សម្ដេចនឹងជំរុញខេត្តសៀមរាបក្លាយជាតារារះនាទិសឧត្តរ ដោយជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ខណៈគម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរគ្រោងនឹងដាក់ដំណើរការយ៉ាងយូរនៅខែតុលា ២០២៣ ។
គម្រោងធ្វើឱ្យខេត្តសៀមរាប ក្លាយជាតារារះនាទិសឧត្តរនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់បណ្ដាខេត្តជាប់នឹងខេត្តសៀមរាបដូចជាព្រះវិហារ កំពង់ធំ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យនិងបាត់ដំបងជាដើម ។
សម្ដេចតេជោហ៊ុន សែនមានប្រសាសន៍ថា “ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដែលកំពុងសាងសង់យ៉ាងមមាញឹកនេះ នឹងដាក់ដំណើរការហោះហើរយ៉ាងយូរត្រឹមខែតុលា ឆ្នាំ ២០២៣នេះ”។ សម្តេចបន្តថា “យើងអាចទទួលយន្តហោះខ្នាតធំ ហោះត្រង់ពីប្រទេសនានាចុះចតនៅខេត្តសៀមរាប ហើយទៅថ្ងៃអនាគតសៀមរាប នឹងក្លាយជាទីកន្លែងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន”។
សម្ដេចតេជោបន្ថែមថា ជាមួយនឹងការវិនិយោគយ៉ាងគំហុកមកកាន់ខេត្តសៀមរាប សម្ដេចប្រកាសថា សៀមរាបនឹងក្លាយជាតារារះនៅទិសឧត្តររបស់កម្ពុជា។
លោករ៉ៃ ឬទ្ធី ប្រធានសាខានៃក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការវិនិយោគដីធ្លី នៅក្នុងខេត្តឧត្តរមានជ័យ កំពុងមានសក្ដានុពលនិងអាចរកប្រាក់ចំណេញបានខ្ពស់ ប៉ុន្តែបន្តិចទៀតការវិនិយោគដីធ្លីនឹងអាចនឹងមានភាពចង្អៀតបន្តិច ដោយសារតែមានវិនិយោគិនជាច្រើនក៏កំពុងសម្លឹកពីឱកាស នៃការវិនិយោគលើវិស័យដីធ្លីនេះដែរ ។
លោកបន្តថា អ្នកវិនិយោគដីធ្លី នៅក្នុងខេត្តឧត្តរមានជ័យភាគច្រើនគឺជាអ្នកនៅក្នុងខេត្តផ្ទាល់ ជាអាជីវករដែលមានលុយហើយគេទិញដីច្រើនកន្លែង សម្រាប់ស្វាគមន៍អ្នកវិនិយោគ ពីបណ្ដាខេត្តរាជធានី ក៏ដូចជាស្វាគមន៍ការវិនិយោគមកពីប្រទេសក្រៅផងដែរ។
ដោយឡែកលោកកែវ សារ៉ន ភ្នាក់ងារអចលនវត្ថុមួយរូបនៅខេត្តបាត់ដំបង ក៏បានលើកឡើងផងដែរថា បាត់ដំបងនឹងខេត្តសៀមរាប គឺជាខេត្តនៅជិតគ្នា តែដោយសារតែមិនទាន់មានផ្លូវកាត់ ទើបការធ្វើដំណើររវាង រវាងខេត្តទាំងពីររាងឆ្ងាយបន្តិច ប៉ុន្តែនៅពេលគម្រោងផ្លូវថ្មីមួយ ពីបាត់ដំបងទៅសៀមរាបសាងសង់រួច នឹងធ្វើឱ្យទំនាក់ទំនងការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគអាចនឹងមានភាពប្រសើរឡើង ។
រាជរដ្ឋាភិបាល ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញសៀមរាបផងដែរ ដោយគម្រោងផ្លូវនេះ បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចាប់ផ្ដើមសិក្សាហើយ ដោយរំពឹងថានឹងអាចរកក្រុមហ៊ុនវិនិយោគលើគម្រោងផ្លូវនេះបាននៅពេលឆាប់ៗ៕