សុខុម
ហុងកុង: កំពូលមហាសេដ្ឋីចិន ដ៏ល្បីល្បាញ Jack Ma បានទទួលយកការតែងតាំងជាសាស្រ្តាចារ្យកិត្តិយសនៅសាកលវិទ្យាល័យហុងកុង (University of Hong Kong) ស្របតាមក្ដីស្រមៃរបស់ខ្លួន។
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែមេសា ឱ្យដឹងថា ការតែងតាំងនេះគឺស្របតាមបំណងប្រាថ្នារបស់សហស្ថាបនិក និងជាអតីតប្រធានក្រុមហ៊ុនខ្នាតយក្ស Alibaba Group Holding រូបនេះដែលមានក្ដីស្រមៃចង់ធ្វើការងារផ្នែកអប់រំពេញមួយជីវិត បន្ទាប់ពីលោកបានចូលនិវត្តក្នុងឆ្នាំ២០១៩ ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយប្រចាំអាស៊ី ខាងលើនេះ។
លោក Jack Ma ដែលឈានចូលវ័យ៥៨ឆ្នាំកាលពីខែកញ្ញា ឆ្នាំ២០២២ ត្រូវបានអញ្ជើញឱ្យធ្វើជាសាស្រ្តាចារ្យកិត្តិយសនៅមហាវិទ្យាល័យធុរកិច្ច និងសេដ្ឋកិច្ច (Faculty of Business and Economics) នៃសកលវិទ្យាល័យក្រុងហុងកុង កាលពីថ្ងៃទី០១ ខែមេសា សម្រាប់អាណត្តិរយៈពេល៣ឆ្នាំដែលនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសនៅលើគេហទំព័ររបស់មហាវិទ្យាល័យនេះ។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា លោក Jack Ma នឹងផ្តោតលើការធ្វើការស្រាវជ្រាវផ្នែកហិរញ្ញវត្ថុ កសិកម្ម សហគ្រិនភាព និងនវានុវត្តន៍ជាមួយសកលវិទ្យាល័យក្រុងហុងកុង ដោយគ្មានគម្រោងផ្ដល់បាឋកថា ឬសុន្ទរកថាជាសាធារណៈនោះឡើយ។
មូលនិធិ Jack Ma Foundation បានចេញសេចក្ដីថ្លែងការណ៍ថា “យើងមានក្ដីសោមនស្សរីករាយសូមបញ្ជាក់ថា លោក Jack Ma មានកិត្តិយសទទួលបានការអញ្ជើញនេះ ហើយយើងជឿជាក់ថា ការតែងតាំងនេះញ៉ាំងឱ្យបទពិសោធន៍សហគ្រិនភាព និងគំនិតល្អៗរបស់គាត់ត្រូវគេយកប្រើប្រាស់ឱ្យកើតជាប្រយោជន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់”។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា “បន្ទាប់ពីសម្រាកពីពិភពអប់រំ លោក Jack Ma បានសម្លឹងរកឱកាសវិលត្រលប់ទៅរកជីវិតសកលវិទ្យាល័យឡើងវិញ និងសហការជាមួយមហាវិទ្យាល័យ ព្រមទាំងនិស្សិតនៅសកលវិទ្យាល័យក្រុងហុងកុង ដែលលោកទទួលបានការតែងតាំង ខណៈគាត់ផ្ដោតលើការស្រាវវជ្រាវរបស់គាត់ផ្នែកអបរំ និងនវានុវត្តន៍ធុរកិច្ច”៕ South China Morning Post៕