សុខុម
ឌូបៃ: ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញរបស់អង់គ្លេស Foster + Partners បានបញ្ចេញខន់សិបឌីហ្សាញ “ស្ថានីយចំណតតាក់ស៊ីហោះ” ដំបូងបង្អស់របស់ពិភពលោកដែលនឹងតភ្ជាប់ទីតាំងដ៏ពេញនិយមបំផុតនានាក្នុងទីក្រុងឌូបៃ និងផ្តល់សេវាធ្វើដំណើរល្បឿនលឿនដោយមិនបំភាយឧស្ម័នកាបូនិកទៅលើបរិយាកាស។
ក្រុមហ៊ុន Foster + Partners បានទម្លាយឱ្យដឹងថា ការឌីហ្សាញប្លង់នេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស Skyports Infrastructure និងអនុម័តដោយព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al Maktoum ដែលជាចៅហ្វាយក្រុងឌូបៃ។
ស្ថានីយចំណតតាក់ស៊ីហោះនេះនឹងមានទីតាំងជាប់អាកាសយានដ្ឋានអន្តរជាតិក្រងឌូបៃ (Dubai International Airport) និងរួមបញ្ចូលជាមួយបណ្តាញអាកាសយានដ្ឋានដែលមានស្រាប់ ក៏ដូចជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលនៅជុំវិញនោះ។
លោក David Summerfield ប្រធានស្ទូឌីយោនៅក្រុមហ៊ុន Foster + Partners បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានបង្កើតខន់សិបស្ថានីយចំណតសម្រាប់ឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលនឹងផ្លាស់ប្ដូរទម្លាប់ធ្វើដំណើររបស់ប្រជាជននៅក្រុងឌូបៃ”។
លោកបានបន្ថែមថា ស្ថានីយចំណតនេះនឹងតភ្ជាប់ជាមួយអាកាសយានដ្ឋានក្រុងឌូបៃ និងស្ថានីយរថភ្លើង Dubai Metro “ដើម្បីផ្តល់សេវាធ្វើដំណើរដ៏អស្ចារ្យប្រកបដោយនិរន្តរភាពនៅទូទាំងទីក្រុងសម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ”។
ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al Maktoum ធ្លាប់បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីខែកុម្ភៈ ដើមឆ្នាំនេះថា ស្ថានីយចំណតតាក់ស៊ីហោះនេះនឹងចាប់ផ្ដើមដំណើរការនៅក្រុងឌូបៃ ក្នុងពេល៣ឆ្នាំក្រោយ។
ទោះជាយ៉ាងណា គ្មានកាលបរិច្ឆេទជាក់លាក់សម្រាប់ការចាប់ផ្ដើមសាងសង់ និងទំហំទុនវិនិយោគសម្រាប់ស្ថានីយចំណតនេះនៅឡើយទេ៕ CNN៕