ទំហំវិនិយោគរបស់ចិនកើនឡើងដល់៦៨០០លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើឲ្យទំហំទុនវិនិយោគរបស់ចិន នៅកម្ពុជាកើនដល់៦៨០០លានដុល្លារអាមេរិក កាលពីដំណា​ច់ឆ្នាំ២០១៨ថ្មីៗនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន និងជួបជាមួយថ្នាក់ដឹកនាំធុរកិច្ចនៃប្រទេសចិន កាលពីថ្ងៃទី២២ មករាកន្លងមកថា ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ពាន់លានដុល្លា កើនប្រមាណ៧% ធៀបនិងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងពីចក្ខុវិស័យរបស់កម្ពុជាជាច្រើន ពិសេសគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគចិន និងអ្នកវិនិយោគដទៃទៀតឲ្យមកវិនិយោគនៅកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះទី១ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទី២ ការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ ទី៣កម្លាំងពលកម្មដែលមានភាពសំបូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២% នៃចំនួនប្រជាជនសរុបគួបផ្សំនឹងប្រាក់ឈ្នូលដែលមានភាពប្រកួតប្រេជែង

ទី៤ កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយជារោងចក្រនៃអាស៊ី។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀត ក្នុងពិភពលោក និងទី៥ កម្ពុជា ចិន មានកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលជួយជំរុញនិងផ្តល់អត្ថប្រយោជន៍យ៉ាងសំបូរបែប ជូនដល់ធុរជន និងអ្នកវិនិយោគិនចិនទាំងការលើកទឹកចិត្ត និងការធានាការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here