ដោយ: គង់ លាងហួរ
ភ្នំពេញ: អាជ្ញាធរខេត្តព្រះសីហនុ កំពុងសហការជាមួយនឹងក្រសួងបរិស្ថាន និងក្រុមហ៊ុនខ្មែរដាយគ្រុប (Khmer Dive Group) ដើម្បីសិក្សាលទ្ធភាព បង្កើតសារមន្ទីរសង្គ្រាមបាតសមុទ្រ នៅជិតមូលដ្ឋានកងទ័ពជើងទឹករាម សម្រាប់ទេចរណ៍មុជទឹកចុះទៅទស្សនា យុទ្ធបករណ៍សង្គ្រាមនៅទីនោះ។
គម្រោងថ្មីនេះ ត្រូវបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្នុងកំឡុងពេលដែលក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំអ្នកសារព័ត៌មានប្រមាណ៣០នាក់ មកពី១៨ស្ថាប័ន ជាលើកដំបូងមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋាបាលខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅប្រជុំកោះតាគាវ ដែលស្ថិតនៅក្បែរមូលដ្ឋានកងទ័ពជើងទឹករាម មានយុទ្ធបករណ៍សង្គ្រាម ដែលមួយចំនួនជាយុទ្ធបករណ៍ តាំងពីសម័យសង្គ្រាមលោកលើកទី២។
លោកបានបញ្ជាក់ថា “នៅទីនោះមានយន្តហោះចម្បាំងមួយចំនួន កាលពីសម័យសង្គ្រាមលោកលើកទី២ បានធ្លាក់លិចចុះទៅបាតសមុទ្រ”។ លោកបន្តថា “ដូច្នេះប្រសិនជាមានការគាំទ្រ អាជ្ញាធរខេត្តនេះនឹងប្រែក្លាយទីកន្លែងនោះ ជាសារមន្ទីរសង្គ្រាមបាតសមុទ្រដ៏សំខាន់មួយសម្រាប់អ្នកទេចរណ៍ ដែលមានបំណងទស្សនាកម្សាន្តនៅបាតសមុទ្រ”។
លោកបន្តថា “ការបង្កើតសារមន្ទីរនេះនៅបាតសមុទ្រ គឺមានសារៈសំខាន់ខ្លាំង ហើយសម្រាប់ខ្ញុំផ្ទាល់ក៏ជាអ្នកចូលចិត្តដាយ (Dive) ម្នាក់ផងដែរ”។លោកបន្តថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់អាចហាត់រៀនដាយវីង ដើម្បីចុះទៅទស្សនានូវអ្វីដែលយើងបានស្រាវជ្រាវរកឃើញនៅបាតសមុទ្រ បន្ទាប់ពីរមណីយដ្ឋានឬឧទ្យានជាតិនៅលើគោក”។
លោកឡុង ឌីម៉ង់បានអះអាងថា “នៅទីនោះមានយុទ្ធបករណ៍ ដូចជាយន្តចម្បាំង រថក្រោះ និងយុទ្ធបករណ៍ផ្សេងៗមួយចំនួនទៀតដែលបានលិចទៅបាតសមុទ្រ នៅទីនោះដោយយើងរក្សាវាក្នុងស្ថានភាពដដែល ហើយយើងនឹងរៀបចំរចនាសម្ព័ន តាមបច្ចេកទេសដែលគិតគូរ ដល់សុវត្ថិភាពទេសចរជាមួយនឹងដៃគូពាក់ព័ន្ធ”។
ទោះយ៉ាងណាក្តី ទំហំថវិកា និងរយៈពេលវេលានៃការរៀបចំបង្កើតសារមន្ទីរនេះ លោក ឡុង ឌីម៉ង់ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះវាកំពុងស្ថិតនៅក្នុងគម្រោង ដែលត្រូវពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធដទៃទៀត។
ម្យ៉ាងទៀត គឺត្រូវធ្វើសំណើដាក់ជូនរដ្ឋាភិបាល ដើម្បីអនុម័តអំពីការកំណត់ទីតាំងជាក់លាក់មួយ ព្រោះសារមន្ទីរដែលគ្រោងនឹងបង្កើតឡើងនេះ នៅក្បែរមូលដ្ឋានកងទ័ពជើងទឹករាម។
ខេត្តព្រះសីហនុ មានឥទ្ធិពលទេសចរណ៍ដ៏សំខាន់មួយ ដោយសារតែខេត្តនេះ មានចំនួនកោះរហូតដល់៣២កោះ ហើយផ្នែកដ៏សំខាន់មួយទៀត ដែលមនុស្សគ្រប់គ្នាមិនសូវចាប់អារម្មណ៍ ឬមើលរំលងនោះ គឺរមណីយដ្ឋានបាតសមុទ្រ ដែលគេសំដៅដល់វិស័យទេចរណ៍បាតសមុទ្រ។
រមណីយដ្ឋាននេះ គឺសម្រាប់ទេសចរចុះដាយ (Dive)ដើម្បីទស្សនាផ្កាថ្ម ត្រីកម្រ និងជីវចម្រុះសំខាន់ផ្សេងៗទៀត ដែលមាននៅទីនោះ ខណៈធនធានធម្មជាតិទាំងអស់មាន ដោយកម្រនៅប្រទេសដទៃពីកម្ពុជា។
លោក ឡង់ ឌីម៉ង បានមានប្រសាសន៍ថា ទាក់ទងនឹងទេសចរណ៍បាតសមុទ្រនាពេលបច្ចុប្បន្ន មិនទាន់មានអ្នកចាប់អារម្មណ៍ច្រើននៅឡើយទេ ព្រោះប្រហែលជាពួកគេមិនទាន់បានដឹង ហើយការផ្សព្វផ្សាយពីសក្កានុពលទៀតសោត នៅមិនទាន់បានទូលំទូលាយផងដែរ។
លោកបញ្ជាក់ថា នៅកោះរ៉ុង និងនៅតាមកោះផ្សេងទៀតសុទ្ធតែមានប្រជុំដោយផ្កាថ្មស្អាតៗ ហើយរដ្ឋបាលខេត្តព្រះសីហនុ កំពុងរៀបចំអភិរក្សជីវចម្រុះជុំវិញកោះ ដើម្បីបញ្ចៀសការប៉ះពាល់ខូចខាតដោយការនេសាទ។
លោកបានលើកឡើងទៀតថា បច្ចុប្បន្នក្នុងខេត្តព្រះសីហនុមានក្រុមហ៊ុនខ្មែរដាយគ្រុប(Khmer Dive Group) និងសមាគមដទៃទៀត ដែលកំពុងធ្វើការផ្សព្វផ្សាយ ជួយថែរក្សាជីវៈចម្រុះ និងជំរុញទេសចរមកលេងរមណីដ្ឋាននៅបាតសមុទ្រ ប៉ុន្តែទេសចរដែលមានបំណងមកទស្សនានៅបាតសមុទ្រ គឺត្រូវហ្វឹកហាត់ដាយវីង (Diving) ជាមុនសិន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ បានលើកឡើងថា “ទេសចរណ៍បាតសមុទ្រ មានសក្តានុពលខ្លាំងណាស់ ក្នុងការទាក់ទាញទេសចរណ៍ ហើយនៅពេលពួកគេធ្វើដាយវីង (Diving) ចុះទៅទស្សនានៅបាតសមុទ្រ គឺត្រូវបានឆ្មាំចុះទៅជាមួយ ដើម្បីបង្ការពួកគេកាច់ផ្កាថ្ម និងដើម្បីត្រៀមជួយសង្គ្រោះ ពេលដែលពួកគេវង្វេងផែនទី”៕