ដោយ ដារ៉ា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទ្រព្យសកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានកើនឡើងដល់ ទំហំ ៤០ពាន់លានដុល្លារសហអាមេរិក គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ពោលសម្រេចបានជាង ១៩ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៧ កន្លងមកនេះ។
មានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ លោក ជា ចាន់តូ ទេសាភិបាលធនាគាជាតិនៃកម្ពុជាឪ្យដឹងការកើនឡើងនេះ ដោយសារកត្តាកំណើនមូលនិធិកម្ចីដើមទុនរបស់គ្រឹះស្ថាន និងប្រាក់បញ្ញើរអតិថិជន។
លោកបន្តថា “ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា មានភាពអំណោយ ពីកំណើនសេដ្ឋកិច្ចពិភពលោក និងស្របពេលដែលជំនឿទុកចិត្ត និងទស្សនវិស័យអ្នកវិនិយោគិនមកលើកម្ពុជាមានភាពរឹងមាំ និងវិជ្ជមាន ក្នុងនោះស្ថានភាពប្រព័ន្ធធនាគារនៅកម្ពុជា គឺជាកំលាំងចលករយ៉ាងសំខាន់ ជាក់ស្តែងទ្រព្យសកម្មរបស់ធនាគារ និងហិរញ្ញវត្ថុបានលើកឡើង ១៩,៤% ត្រូវប្រមាណ ១៦៣,១ទ្រីលានរៀល ស្មើប្រមាណ ៤០ពាន់លានដុល្លាអាមេរិក” ។
លោកបន្ថែមថា ចំណែកពាក់ព័ន្ធមូលនិធិកម្ចីវិញ បានកើនឡើង ២៣% ត្រូវប្រមាណ ១៦,៨ ទ្រីលានរៀល ស្មើប្រមាណ ៤,១ប៊ីលានដុល្លារអាមេរិក ដោយមានដើមទុនកំណើនជាង២៣% ត្រូវប្រមាណជាង ១៩ទ្រីលានរៀល ស្មើប្រមាណជិត ៥ប៊ីលានដុល្លា ក្នុងនោះប្រាក់បញ្ញើរអតិថិជន បានកើនឡើងជាង ១៥% ត្រូវប្រមាណជិត ៩០ទ្រីលានរៀល ស្មើប្រមាណជាង ២២ប៊ីលាន ដុល្លារ ។ ចំណែកឥណទានបានកើនឡើងជិត ១៩% ត្រូវប្រមាណជិត ១០០ទ្រីលានរៀល ស្មើជាង ២៤ប៊ីលានដុល្លារ ក្នុងនោះចំនួនអ្នកបញ្ញើរបានកើនឡើងដល់ ៦,២លានគណនី រួមជាមួយអ្នកខ្ចីប្រាក់បានកើនឡើង ២,៦លានគណនីផងដែរ ។
លោកបញ្ជាក់ទៀតថា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារភាគច្រើនបានកំពុងអភិវឌ្ឍន៍សេវាឌីជីថល ក្នុងនោះសេវានេះនឹងផ្តល់ផាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់សេវាធនាគារ តាមរយៈប្រព័ន្ធអ៉ិនធ័រណែត និងទូរស័ព្ទជាដើម ដោយបានរួមចំណែកក្នុងការជម្រុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ បច្ចុប្បន្នគ្រឹះស្ថានធនាគារបន្តការអភិវឌ្ឍន៍ និងពង្រីកបណ្តាញសាខា ធ្វើពិពិធកម្មផលិតកម្ម និងសេវាហិរញ្ញវត្ថុ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការរបស់អតិថិជន និងបន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃប្រតិបត្តិការ ការពង្រឹងភាពរឹងមាំនៃដើមទុន និងអភិបាលកិច្ចល្អ រួមជាមួយការធ្វើបច្ចុប្បន្នកម្មប្រព័ន្ធព័ត៌មានវិទ្យា និងការកសាងធនធានមនុស្សជាដើម។
លោកឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមធនាគារកម្ពុជា បានឪ្យដឹងដែរថា សុខភាពក្នុងវិស័យធនាគារមានសុខភាពល្អ ទោះមានកំណើននៃគ្រឹះស្ថានធនគារក៏ដោយ ដែលធ្វើមានការប្រកួតប្រជែងកើនឡើងក្នុងវិស័យនេះ តែស្ថិតនៅក្នុងការប្រកួតប្រជែងប្រកបដោយក្រមសីលធម៌។ លោកបន្តថា វិស័យធនាគារដើរតួទីយ៉ាងសំខាន់ណាស់ក្នុងការជម្រុញកំណើនសេដ្ឋជាតិ ដើម្បីធ្វើឪ្យមានចង្វាក់ផលិតកម្ម និងតម្រូវការហិរញ្ញវត្ថុ ព្រោះធនាគារជាអ្នកផ្តល់ហិរញ្ញវត្ថុក្នុងគាំទ្រដល់ចង្វាក់ផលិតកម្មទាំងនោះ៕