ដោយ: គង់ លាងហួរ
ភ្នំពេញ: តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលជាគម្រោងដ៏លេចធ្លោមួយ ក្នុងប្រទេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (BRI)។
BRI មិនត្រឹមតែបានបញ្ចូលកម្លាំងរុញច្រាន ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនរាប់ម៉ឺននាក់នៅក្នុងស្រុកផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសនេះ ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រភាគឦសាន នៃកំពង់ផែស្វយ័តទឹកជ្រៅអន្តរជាតិ ក្រុងព្រះសីហនុ។ បច្ចុប្បន្ននេះSSEZ មានរោងចក្រចំនួន១៧៥ មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដែលជួយបង្កើតការងារក្នុងស្រុកជិត៣០.០០០ការងារ។
បណ្តាសហគ្រាសទាំងនោះ បានផលិតសំលៀកបំពាក់ ស្បែកជើង អីវ៉ាន់ និងស្បែក សម្ភារៈពេទ្យ គ្រឿងចក្រ សម្ភារៈសំណង់ គ្រឿងសង្ហារិមក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត និងសម្ភារៈផ្សេងៗទៀត។
ថ្លែងក្នុងពិធីគម្រប់ខួប១០ឆ្នាំ របស់គំនិតផ្តួចផ្តើម BRI ដែលធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស SSEZ កាលថ្ងៃច័ន្ទទី២២ ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា តំបន់ឧស្សាហកម្មគឺជាគំរូដ៏ល្អ នៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ រវាងកម្ពុជា និងចិនក្រោមគំនិតផ្តួចផ្តើម BRI។
សម្តេចតេជោបានថ្លែងប្រាប់ កម្មកររោងចក្រជាង២៤.០០០នាក់ នៅក្នុងព្រឹត្តិការណ៍នោះថា “តំបន់សេដ្ឋកិច្ចពិសេសនេះបានបង្កើតការងារជាច្រើន សម្រាប់ប្រជាជនក្នុងស្រុក និងជាមូលដ្ឋានផលិតកម្ម សម្រាប់ការនាំចេញ ទៅកាន់ប្រទេសផ្សេងទៀតរួមទាំងប្រទេសចិនផងដែរ”។
សម្ដេចតេជោបានថ្លែងនូវការកោតសរសើរ ចំពោះតំបន់ SSEZ ដែលមានការអភិវឌ្ឍឥតឈប់ឈរ សូម្បីតែក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដោយវាបាន និងកំពុងដើរតួនាទីក្នុងការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេស (SSEZ) ដែលជាតំបន់ឧស្សាហកម្មធំជាងគេ នៅកម្ពុជាបើគិតពីទំហំ និងការកាន់កាប់ គឺជាគម្រោងគំរូមួយនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងប្រទេសចិន និងកម្ពុជា ស្ថិតក្រោមគំនិតផ្តួចផ្តើម BRI។
លោកឯកអគ្គរដ្ឋទូតបានថ្លែងក្នុងពិធីនោះថា “តំបន់សេដ្ឋកិច្ចពិសេសនេះ បានក្លាយជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងជាចានបាយមាសសម្រាប់អ្នកស្រុក”។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង មានប្រសាសន៍ថា “តំបន់សេដ្ឋកិច្ចពិសេស មានសារៈសំខាន់ណាស់ ក្នុងការជួយប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទីពីររបស់កម្ពុជា”។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “តំបន់ SSEZ មិនត្រឹមតែបានរួមចំណែកដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានទំនួលខុសត្រូវសង្គមសាជីវកម្មផងដែរ”។
លោក Cao Jianjiang អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេស SSEZ បានលើកឡើងថា ទំហំទឹកប្រាក់នៃការនាំចូល និងការនាំចេញឆ្លងកាត់តំបន់នេះ បានកើនឡើងដល់២,៤៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Cao Jianjiang បានប្រាប់សារពត៌មាន Xinhua ថា “នេះមិនត្រឹមតែបានបញ្ចូលសន្ទុះ ដ៏រឹងមាំទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ ជីវភាពរបស់កម្មករក្នុងស្រុក និងអ្នករស់នៅជុំវិញតំបន់នេះផងដែរ”។
លោកបានអះអាងទៀតថា តំបន់សេដ្ឋកិច្ចពិសេស SSEZ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ បានជួយប្រែក្លាយក្រុងព្រះសីហនុដ៏ស្ងប់ស្ងាត់ និងមិនទាន់មានការអភិវឌ្ឍន៍ទៅជាទីក្រុងដ៏អ៊ូអរ។
នៅពេលនិយាយអំពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា លោកCao បានលើកឡើងថា កតិកាសញ្ញាពាណិជ្ជកម្មទាំងពីរនេះ នឹងជួយតំបន់សេដ្ឋកិច្ច ពិសេសទាក់ទាញការវិនិយោគបន្ថែមទៀត ដោយផ្តល់អាទិភាពលើពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម៕