[:km]ដោយ រ៉ាវី
ភ្នំពេញ៖ បន្ទាប់ពីសហគមនអឺរ៉ុប បានសម្រេចអនុវត្តវិធានការការពារទីផ្សារដោយផ្តើមយកពន្ធលើការនាំចេញអង្ករកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំទៅកាន់សហគមន៍អឺរ៉ុបសម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១ ជាការពង្រឹងសមត្ថភាព និងលើកកម្ពស់ផ្នែកផលិតកម្ម និងធុរកិច្ចស្រូវអង្ករនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់ចេញនូវវិធានការបន្ទាន់ចំនួន៤ចំណុច។
វិធានការណ៍សំខាន់ៗបួនចំណុចសំខាន់ៗរួមមាន ទី១ អង្គភាពជំនាញក្រោមឱវាទក្រសួង ត្រូវបន្តការស្រាវជ្រាវបញ្ចេញប្រភេទពូជស្រូវក្រអូបប្រណីត និងផលិតកម្មគ្រាប់ពូជស្រូវក្រអូបសុទ្ធ តាមរយៈការផលិតនៅថ្នាក់សហគមន៍ និងក្រុមកសិករផលិតគ្រាប់ពូជ ធ្វើយ៉ាងណាឱ្យមានគ្រាប់ពូជគ្រប់គ្រាន់ និងតម្លៃសមរម្យ ដើម្បីពង្រីកផលិតកម្មស្រូវក្រអូប។
ជាមួយគ្នានេះក្រសួងបានស្នើ ដល់វិស័យឯកជនចូលរួមដាក់ទុនវិនិយោគ ក្នុងការផលិតគ្រាប់ពូជស្រូវក្រអូប ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ។
ទី២ ពាក់ព័ន្ធទៅនឹងការកាត់បន្ថយថ្លៃដើមផលិតកម្ម ត្រូវជម្រុញបន្ថែមឱ្យបានខ្លាំងក្លាបន្ថែមទៀត នូវវិធានការបច្ចេកទេសផលិតកម្ម ដែលទទួលបានទិន្នផលខ្ពស់ និងចំណាយតិច រួមជាមួយនឹងការអនុវត្តទំនើបភាវូបនីយកម្មកសិកម្ម។ ជាមួយគ្នានេះ ត្រូវបានពិនិត្យកាត់បន្ថយថ្លៃចំណាយលើការធ្វើធូបនកម្ម តាមរយៈការបង្កើនចំនួនក្រុមហ៊ុនដែលមានសមត្ថភាពចូលរួមធ្វើការនេះឱ្យបានច្រើន មានការប្រកួតប្រជែង និងយកកម្រៃសេវាទាបជាងមុន។
ក្នុងន័យនេះ អគ្គនាយកដ្ឋានកសិកម្មត្រូវពិនិត្យសិក្សាឱ្យបានហ្មត់ចត់ និងជំរុញការងារនេះឱ្យបានឆាប់។ ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការនាំចូលជីកសិកម្ម ថ្នាំកសិកម្មឱ្យបានលឿន និងមានប្រសិទ្ធភាពជាងមុន នាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវសម្រួលបែបបទការនាំចូលជីកសិកម្ម ថ្នាំកសិកម្ម និងសម្ភារៈកសិកម្មដទៃទៀតឱ្យកាន់តែប្រសើរជាងមុន។
ជាមួយគ្នានេះ ត្រូវរៀបចំក្រុមការងារបច្ចេកទេសចម្រុះ ចុះពិនិត្យគុណភាពជីកសិកម្ម និងថ្នាំកសិកម្ម ដើម្បីធានាគុណភាពស្របតាមស្ដងដារកំណត់។
ទី៣ អ្នកប្រមូលទិញស្រូវ ត្រូវបន្តធ្វើការទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍជនបទ ដើម្បីទទួលបានឥណទានប្រមូលទិញស្រូវពីកសិករ សហគមន៍កសិកម្ម និងមិនត្រូវយកហេតុផលនៃការដាក់វិធានការការពារទីផ្សាររបស់សហគមន៍អឺរ៉ុបមកទម្លាក់ថ្លៃទិញស្រូវពីកសិករឡើយ។ ក្រុមហ៊ុននាំចេញអង្ករ ត្រូវពិនិត្យ និងធានាគុណភាពអង្ករក្រអូបឱ្យបានសុទ្ធល្អ មិនត្រូវលាយបន្លំអង្ករប្រភេទផ្សេង ដែលនាំឱ្យអតិថិជនបាត់បង់ជំនឿលើគុណភាពអង្ករក្រអូបកម្ពុជា។
និងទី៤សហព័ន្ធស្រូវអង្ករកម្ពុជា គួរយកចិត្តទុកដាក់ជំរុញឱ្យសមាគមម៉ាស៊ីនកិនស្រូវ ខិតខំបង្កើនសមត្ថភាពកែច្នៃអង្ករឱ្យមានគុណភាពបន្ថែមទៀត សម្រាប់បម្រើឱ្យទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន ដែលមានរហូតដល់៤០ម៉ឺនតោននាពេលបច្ចុប្បន្ននេះ។
លើសពីនេះទៅទៀត សហព័ន្ធស្រូវអង្ករកម្ពុជា គួរពិគ្រោះយោបល់ជាមួយសមាជិករបស់ខ្លួន ដើម្បីពិនិត្យលើបញ្ហាប្រឈមពីផលប៉ះពាល់ នៃការដាក់វិធានការការពារទីផ្សារអង្កររបស់សហគមន៍អឺរ៉ុប រួចលើកសំណើ ឬសំណូមពរមកក្រុមការងារផ្នែកស្រូវអង្ករ នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនពិនិត្យ និងរកដំណោះស្រាយតាមការចាំបាច់។
ពាក់ព័ន្ធទៅនឹងការអនុវត្តវិធានការការពារទីផ្សារ ពីសហគមន៍អឺរ៉ុបនេះ មេដឹកនាំកំពូលរបស់សភាពាណិជ្ជកម្មកម្ពុជា គឺអ្នកឧកញ៉ា គិត ម៉េង មេដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Arnaud Darc ព្រមទាំងមេដឹកនាំវិស័យឯកជននានាសរុបចំនួន៤០អង្គភាព បានចុះហត្ថលេខាលើលិខិតដ៏សំខាន់មួយ ជាភាសាអង់គ្លេស ផ្ញើទៅកាន់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ដើម្បីស្នើឱ្យគណៈកម្មការអឺរ៉ុប និងប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំងអស់ បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ចៀសវាងការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់ថា EBA (Everything But Arms) នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពរបស់ប្រជាជនកម្ពុជា ៕[:]