[:km]ដោយគង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានបង្ហើបពីមូលហេតុសំខាន់ៗ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាង៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។
លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កត្តាដែលនាំឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមដោយជោគជ័យ ក្នុងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ កន្លងមកនេះ បានកើតចេះពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងជាការខិតខំរបស់រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា។ ការអនុវត្តកំណែទំរង់ហិរញ្ញវត្ថុសាធារណៈ ពិសេសយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ និងកម្មវិធីកែទម្រង់ និងទំនើបកម្មគយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។
លោកបន្តថា ចំណូលប្រមូលដោយរដ្ឋបាលគយ បានកើនឡើងទ្វេរដង ដូច្នេះរដ្ឋាបាលគយ និងរដ្ឋាករកម្ពុជា ត្រូវបន្តកំណែទម្រង់ និងការទំនើបកម្មបន្ថែមទៀត តាមរយៈការកសាងធនធានមនុស្ស ការបំពាក់បរិក្ខារ និងមធ្យោបាយការងារ រួមទាំងប្រព័ន្ធពត៌មានវិទ្យាឲ្យកាន់តែសកម្មថែមទៀត ដើម្បីឆ្លើយតបនឹងការផ្លាស់ប្ដូរទម្រង់ និងអភិវឌ្ឍឥតឈប់ឈរនៃសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកគុណ ញឹមបានមានប្រសាសន៍ថា ទន្ទឹមនឹងការអនុវត្តតួនាទី និងភារកិច្ចស្នូល ក្នុងការប្រមូលពន្ធ និងអាករចូលថវិកាជាតិ រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា កំពុងបន្តសកម្មភាពកែទម្រង់ និងទំនើបកម្ម ដើម្បីឆ្លើយតបនឹងការវិវឌ្ឍ និងការអភិវឌ្ឍកាន់តែរីក ចម្រើននៃសេដ្ឋកិច្ចវិនិយោគ និងពាណិជ្ជកម្ម ជាក់ស្តែងការបំពាក់នាវាល្បាតគយ ចំនួន ២គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ជាការចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាព ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្ទ និងតំបន់ឆ្នេរនៃកម្ពុជា ហើយក៏អាចចូលរួមក្នុងការ ពង្រឹងសន្តិសុខលំហរសមុទ្ទកម្ពុជាផងដែរ៕[:]