[:km]ក្រុមហ៊ុនចិនធំមួយបោះទុន៧០លានដុល្លារសង់ឧទ្យានច្នៃប្រឌិតវប្បធម៌ កម្ពុជា-ចិននៅកម្ពុជា[:]

0

[:km]ដោយវុត្ថា
សៀមរាប៖​ ក្រុមហ៊ុនចិនYunnan Cultural Industry Investment Holding Group បានបណ្ដាក់ទុនជាង៧០លានដុល្លារ ដើម្បីសាងសង់ ហើយឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នេះ កំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ៣,៣ហិកតា ដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

នៅក្នុងដំណើរចុះទៅពិនិត្យមើលការដ្ឋានសាងសង់កាលពីថ្ងៃទី ២៧ មករាម្សិលមិញនេះ លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប បានអោយដឹងថា បន្ទាប់ពីសាងសង់រួចឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិននេះ នឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ចំនួន១.៥០០ កៅអី សារមន្ទីរZhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋាន ជាដើម។

លោកបន្តថា “គម្រោងនេះគ្រោងសាងសង់អោយរួចរាល់ នៅត្រឹមឆ្នាំ២០២០ និងបើកអោយភ្ញៀវទេសចរចូលទស្សនាឈ្វេងយល់ពីវប្បធម៌ខ្មែរ និងចិន”។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់បានឲ្យដឹងថា ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន គឺមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញវប្បធម៌កម្ពុជា-ចិន ជាពិសេសការបង្ហាញពីវប្បធម៌ខ្មែរ ព្រោះនៅក្នុងឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន មានសម្តែងពីវប្បធម៌ខ្មែរ ដូចជាការកសាងអង្គរ ចំម្បាំងរបស់កងទ័ពខ្មែរនៅសម័យបុរាណ និង​ការបង្ហាញពីទំនៀមទំលាប់ប្រពៃណីខ្មែរជាច្រើនទៀត។


លោកបានបញ្ជាក់ថា “ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នឹងធ្វើឲ្យទំនាក់ទំនងផ្នែ​ក​វប្បធម៌កម្ពុជា-ចិនកាន់តែរឹងមាំ ជាពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍ចិនអោយ​មកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះចិន គឺជាទីផ្សារទេសចរណ៍ដ៍សំខាន់របស់កម្ពុជា”៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here