រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

0

ដោយៈ ហ្វីអូណា

ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រា​នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

សេចក្តីព្រាងច្បាប់ទំាងពីរ សុទ្ធសឹងតែមានសារសំខាន់នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។

គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទង ទៅនឹងការចុះបញ្ជីអត្រានុកូ​លដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូប មានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។

ជាពិសេស សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពល​រដ្ឋ ដើម្បីធានានូវ ភាពរឹងមាំដែលត្រូវបានការពារដោយច្បាប់។

សេចក្តីព្រាងច្បាប់នេះ មាន ១២ជំពូក និង ១៨២មាត្រា។

លោកកែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ ចំណែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ចំណែក សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានគោលបំណង កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូល ជំរុញនិងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

បន្ថែមពីនេះសេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាចលករក្នុងការជំរុញលំហូរពាណិជ្ជកម្ម តាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់​លាស់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកចេញវិញ្ញាបនប​ត្របញ្ជាក់ដើមកំណើតទំនិញ និងការទទួលសំអាងដើមកំណើតទំនិញ ជាដើម។

សេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក និង ៣៥មាត្រា។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

បន្ទាប់ពីបានជជែកពិភាក្សាគ្នាទៅលើជំពូក និងមាត្រា នៃសេច​ក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញា​ណកម្ម ក៏ដូចជាការពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញរួចមក អង្គសភាបានធ្វើការអនុម័ត ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ ទៅលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here