ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារពត៌មាន The Nation Thailand បានឱ្យដឹងថា ហាងទំនិញ 7-Eleven គ្រោងនឹងបើកសាខាទី១០០ របស់ខ្លួននៅកម្ពុជាក្នុងដំណាច់ឆ្នាំ២០២៣នេះ។
ម៉ាកយីហោនេះ ក៏មានគម្រោងបើកសាខាដំបូងរបស់ខ្លួន នៅក្នុងប្រទេសឡាវ និងបន្ថែមហាងចំនួន៧០០កន្លែងទៀត នៅក្នុងប្រទេសថៃ ដោយទាញយកថវិកាដែលបានបម្រុងទុក សម្រាប់ការពង្រីកសាខាពី១១ពាន់លាន ទៅ១២ពាន់លានបាត (ប្រហែល៣១៨លានដុល្លារដល់៣៤៧លានដុល្លារ)។
អាជីវកម្មលក់រាយរបស់ថៃ បានពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារកំណើនសេដ្ឋកិច្ចរឹងមាំ និងការកើនឡើងនៃកម្លាំងទិញនៅក្នុងតំបន់។ លើសពីនេះទៅទៀត តំបន់នេះមានប្រជាជនវ័យក្មេងជាច្រើន ដែលត្រូវបានគេមើលឃើញថា ជាមូលដ្ឋានអ្នកប្រើប្រាស់ដ៏រឹងមាំ ហើយជាលទ្ធផល ក្រុមហ៊ុនថៃនានាជាច្រើន បានពង្រីកខ្លួនរបស់ពួកគេយ៉ាងសកម្មនៅក្នុងតំបន់។
ជាក់ស្តែង ក្រុមហ៊ុន CP All Plc របស់ CP Group បានបើកដំណើរការហាងលក់ទំនិញងាយស្រួល 7-Eleven ក្នុងប្រទេសថៃ និងមានអាជ្ញាប័ណ្ណ សម្រាប់បើកម៉ាកយីហោ7-Eleven នៅក្នុងប្រទេ សឡាវ និងកម្ពុជាផងដែរ។ក្រុមហ៊ុន CP All បានឈានជើងចូលទីផ្សារកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL (Cambodia) នៅខែសីហា ឆ្នាំ២០២១ ដោយបានបើកសាខាដំបូងរបស់ខ្លួន នៅរាជធានីភ្នំពេញ។
គិតត្រឹមខែមេសា ឆ្នាំ២០២៣ ហាងលក់ទំនិញនេះមានសាខាចំនួន៦០កន្លែងនៅកម្ពុជា ហើយនឹងពង្រីកសាខារហូតដល់១០០កន្លែងនៅចុងឆ្នាំនេះ។
ការសម្រេចចិត្តពង្រីកសាខាមកកាន់កម្ពុជា ត្រូវបានជំរុញដោយកត្តាមួយចំនួន ខណៈសេដ្ឋកិច្ចរបស់កម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយមានទីផ្សារអ្នកប្រើប្រាស់ ដែលរីកចម្រើនជាមួយនឹងការកើនឡើងនៃកម្លាំងទិញ។ ជាងនេះទៅទៀត អ្នកប្រើប្រាស់កម្ពុជាកំពុងឆ្លើយតបយ៉ាងល្អចំពោះផលិតផលថៃ ដែលជាលទ្ធផល សាខាហាងលក់ទំនិញ 7-Eleven ក្នុងប្រទេសកម្ពុជា មានដាក់លក់ផលិតផលថៃជាច្រើនប្រភេទ៕