ក្រុមហ៊ុនដ៏ធំSPG Global របស់អូស្រ្តាលីស្វែងរកឱកាស វិនិយោគនៅកម្ពុជា

0

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន SPC Global ដែលផ្តោតលើអាជីវកម្មកសិឧស្សាហកម្ម ដ៏ល្បីល្បាញរបស់អូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីការវិនិ​យោ​គ និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានអញ្ជើញមកទស្សនកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកម្ពុជាកាលពីសប្តាហ៍មុន។

ក្រុមហ៊ុនSPC Global ដែលមានមូលដ្ឋាននៅទីក្រុង វីកតូរៀ ប្រទេសអូស្ត្រាលី មានបទពិសោធន៍ជាងមួយសតវត្សហើយ ក្នុងការកែច្នៃ និងវេចខ្ចប់ផលិតផលផ្លែឈើ និងបន្លែ។ ក្រុមហ៊ុននេះទិញផលិតផលមួយចំនួន ពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ហើយក៏ចាប់អារម្មណ៍ចង់ពង្រីកការ វិនិយោគរបស់ខ្លួនដោយការនាំចេញពីកម្ពុជា នូវផលិតផលដូចជា ស្វាយ សាវម៉ាវ មៀន និងស្រកានាគ។

ស្ថានទូតអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ដ៏សំខាន់របស់យើង ហៅថា កម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) បានស្វាគមន៍ លោក Hussein Rifai ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអូស្ត្រាលី SPCGlobal និងលោក Matthew McMichael ប្រធានផ្នែកប្រតិបត្តិការ មកកាន់ប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃកន្លះនេះ ក្រុមហ៊ុន SPC Global បានធ្វើដំណើរទៅទស្សនកិច្ចនៅ រោងចក្រផលិតកម្មចំណីអាហារគីរីរម្យ នៅក្នុងខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនលីលី នៅក្នុងរាជធានីភ្នំពេញ។ តំណាងក្រុមហ៊ុន SPC Global ទាំងពីរអ្នកនេះ ក៏បានជួបជាមួយម្ចាស់អាជីវកម្មកសិឧស្សាហកម្មធំៗ ចំនួនបួនផងដែរ ដែលមាន ក្រុមហ៊ុន Navita Food Production ក្រុមហ៊ុន Misota Food Cambodia ក្រុមហ៊ុន SHE Agrocam និង ក្រុមហ៊ុន Royal Trust។តំណាងក្រុមហ៊ុន SPC Global ក៏មានឱកាសជួបជាមួយមន្ត្រីសំខាន់ៗ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោកRifaiបានថ្លែងថា “កម្ពុជាជាប្រទេសដ៏ល្អមួយ សម្រាប់យើង ក្នុងការស្វែងរកឱកាសថ្មីៗផ្នែកកសិកម្ម ជាពិសេសបន្លែ និងផ្លែឈើ ដែលមិនមានការដាំដុះ ឬបច្ចុប្បន្ននេះមិនមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលី”។

លោកបន្តថា ក្រុមហ៊ុន SPC អាចផ្ដល់ជំនាញ និងចំណេះដឹងផ្នែកចំណីអាហាររបស់អូស្ត្រាលី ដែលអាចជួយឱ្យមានការអភិវឌ្ឍផលិតផលចំណីអាហារ ប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់បំផុត ខណៈពេលដែលឧស្សាហកម្មកសិ- ចំណីអាហារនៅកម្ពុជាកំពុងតែមានការអភិវឌ្ឍ។

លោកបន្តថា វិស័យកសិ-ចំណីអាហារ គឺជាវិស័យផ្តោតសំខាន់មួយរបស់កម្ពុជា ហើយអូស្ត្រាលី ក៏កំពុងគាំទ្រការអភិវឌ្ឍរបស់កម្ពុជា លើវិស័យនេះដែរ។ យើងសូមអរគុណចំពោះ កម្មវិធីCAPRED ដែលបានណែនាំឱកាសនេះ មកកាន់ក្រុមហ៊ុនរបស់យើង ហើយយើងកំពុងបន្តការពិភាក្សាជាមួយ នឹងក្រុមហ៊ុនមួយចំនួនដែលយើងបានជួប

គិតត្រឹមចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ផលិតកម្មផ្លែស្វាយរបស់កម្ពុជាកើនឡើង១៦០% ហើយការនាំចេញផ្លែឈើស្ងួតបានកើនឡើងរហូតដល់៦៥០០% ។ ប្រទេសកម្ពុជាមានសមត្ថភាពខ្ពស់លើកសិផលដែលមានតម្លៃខ្ពស់ រួមមាន ស្វាយ ចេក ស្វាយចន្ទី ដំឡូងជ្វា ល្ង ម្ទេស និងម្រេចកំពតដ៏ល្បីល្បាញលើពិភពលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here