រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងធ្វើកំណែច្បាប់នៅខែកក្កដាខាងមុខនេះ ដើម្បីទាក់ទាញអ្នកវិនិយោគ

0

ដោយ: គង់ លាងហួរ

គូឡាឡាំពួៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ីគ្រោងអនុវត្តន៍កំណែទម្រង់នៅឆ្នាំនេះ ដើម្បីបង្កភាពងាយស្រួល ដល់ក្រុមហ៊ុននានាក្នុងការចុះបញ្ជីនៅផ្សារហ៊ុនជាតិ ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងនៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មមួយថា និយតករមូលបត្រ និងផ្សារហ៊ុននឹងពន្លឿនដំណើរការនៃ​ការ​បោះផ្សាយ​មូល​ប​ត្រ ​ជា​សាធារណៈ​លើក​ដំបូង​ (IPO)​   ដើម្បីធា​នា​បាននូវការប្រកួតប្រជែង និងភាពទាក់ទាញរបស់ប្រទេសម៉ាឡេស៊ី។លោកក៏បានប្រកាសកាត់បន្ថយការបង់ ពន្ធប្រថាប់ត្រាសម្រាប់ភាគហ៊ុន ដែលត្រូវបានជួញដូរនៅផ្សារហ៊ុន Bursa Malaysia ដើម្បីបង្កើនចំណាប់អារម្មណ៍របស់វិនិយោគិនផងដែរ។

លោកបានបន្តថា ចាប់ពីខែកក្កដាខាងមុខ ពន្ធប្រថាប់ត្រានឹងត្រូវកាត់បន្ថយពី០,១៥ភាគរយ បច្ចុប្បន្នមកត្រឹម០,១០ភាគរយ នៃតម្លៃកិច្ចសន្យា។ លោកបន្តថា “ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយដោយផ្ទាល់ នូវការចំណាយលើប្រតិបត្តិការមូលបត្រ និងធ្វើឱ្យទីផ្សារភាគហ៊ុនម៉ាឡេស៊ីកាន់តែមានភាពប្រកួតប្រជែង”។

លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក៏​កំពុង​សម្លឹង​មើល​ទៅកាន់គោលនយោបាយ ​ដើម្បី​ទាក់ទាញ​ការិយាល័យ​គ្រួសារ​(family offices)ទៅ​ប្រទេស​ម៉ាឡេស៊ី និង​កែលម្អ​ភាព​ងាយស្រួល ​ក្នុង​ការ​ធ្វើ​អាជីវកម្មផងដែរ។

ចាប់តាំងពីឡើងកាន់អំណាច ក្នុងខែវិច្ឆិកាឆ្នាំមុនមក រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានចាប់ផ្ដើមធ្វើកំណែទម្រង់ច្បាប់ និងសេដ្ឋកិច្ចមួយចំនួន ដូចជាការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ក្រុមអ្នកមាន និងការលុបចោលទោសប្រហារជីវិតជាកាតព្វកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here