ដោយ: គង់ លាងហួរ
អន្តរជាតិ: រយៈពេល២ឆ្នាំ បន្ទាប់ពីវិបត្តិបំណុលបានផ្ទុះឡើងនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ របស់ប្រទេសចិនជាច្រើន ជាហេតុធ្វើឲ្យមានការចោទ ជាសំណួរដ៏ក្តៅគគុកនៅតែចោទឡើង។ ហេតុអ្វីបានជាមហាសេដ្ឋីអចលនទ្រព្យ នៅតែអាចធ្វើជាម្ចាស់ និងដំណើរការក្រុមហ៊ុនរបស់ពួកគេ?។
យោងតាមសំណើររៀបចំ រចនាសម្ព័ន្ធឡើងវិញបានឱ្យដឹងថា លោក Hui Ka Yan ដែលជាមហាសេដ្ឋី និងស្ថាបនិកនៃក្រុមហ៊ុន China Evergrande Group អាចរក្សាភាគហ៊ុនរបស់លោកជិត៤២% នៅក្នុងក្រុមហ៊ុនដែលកំពុងជាប់ផុង ក្នុងបំណុលច្រើនបំផុតមួយនេះ។
ចំណែកឯ លោកស្រី Zeng Jie ដែលត្រូវបានគេស្គាល់ថា Baby Zeng នៅទីបំផុតអាចរក្សាភាគហ៊ុន៤៥% នៅក្នុងក្រុមហ៊ុន Fantasia Holdings របស់លោកស្រី។នៅក្នុងសំណើររៀបចំរចនាសម្ព័ន្ធឡើងវិញ របស់ក្រុមហ៊ុន Sunac មួយអាចបណ្តាលឱ្យលោក Sun Hongbin ដែលជាម្ចាស់ក្រុមហ៊ុននេះ នៅសល់ភាគហ៊ុនគ្រប់គ្រង យ៉ាងហោចណាស់៣០% ប្រសិនបើម្ចាស់បំណុលទាំងអស់ ជាវយកជម្រើសបំប្លែងមូលបត្របំណុលទៅជាភាគហ៊ុនវិញ។
លោកស្រី Tiffany Wong នាយកគ្រប់គ្រងក្រុមហ៊ុន Alvarez & Marsal នៅទីក្រុងហុងកុង ដែលមានជំនាញខាងការទូទាត់សងបំណុល និងក្ស័យធន បានលើកឡើងថា “អ្វីដែលអស្ចារ្យនៅក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ របស់ប្រទេសចិនគឺថា ម្ចាស់បំណុលយល់ព្រមឱ្យ ម្ចាស់ក្រុមហ៊ុនរក្សាបាននូវ ចំណែកដ៏តូចមួយនៃភាគហ៊ុន និងបន្តគ្រប់គ្រងក្រុមហ៊ុនរបស់ពួកគេ។
លោកស្រីបន្តថា “នេះគឺខុសគ្នាខ្លាំងទៅនឹងហុងកុង ឬយុត្តាធិការច្បាប់ទូទៅផ្សេងទៀត”។ប៉ុន្តែនៅលើការពិនិត្យកាន់តែដិតដល់ គឺមានតក្កវិជ្ជានៅពីក្រោយការទុកមហាសេដ្ឋី អចលនទ្រព្យទាំងនោះ ឱ្យបន្តគ្រប់គ្រងក្រុមហ៊ុន និងទទួលខុសត្រូវលើអាជីវកម្ម ដែលពួកគេបានបង្កើតឡើង។
ចំពោះអ្នកសង្កេតការណ៍មួយចំនួនលើកឡើងថា ការធ្វើដូច្នេះគឺដើម្បីធានាថា ផលប្រយោជន៍របស់ពួកគេ នៅតែត្រូវគ្នាជាមួយនឹងម្ចាស់ប័ណ្ណបំណុល ដើម្បីប្រយុទ្ធសម្រាប់ការបន្តរស់រាន មានជីវិតរបស់ក្រុមហ៊ុន និងជៀសវាងការរំលាយចោល។
លោកស្រី Esther Liu អ្នកវិភាគនៅក្រុមហ៊ុន S&P Global Ratings បានអះអាងថា “សម្រាប់ម្ចាស់បំណុល ការរក្សាទុកស្ថាបនិករបស់ក្រុមហ៊ុនឱ្យបន្តគ្រប់គ្រង គឺជាវិធីសាស្រ្តដ៏សំខាន់មួយ ក្នុងការប្រមូលផ្តុំផលប្រយោជន៍ របស់ម្ចាស់ភាគហ៊ុនសំខាន់ៗ ជាមួយពួកគេ។ លោកស្រីបន្តថា “ប្រសិនបើស្ថាបនិកក្រុមហ៊ុន ត្រូវបានបណ្តេញចេញ វានឹងក្លាយជាសំណួរមួយចោទសួរឡើងថា តើក្រុមហ៊ុនអចលនទ្រព្យទាំងនេះ អាចនៅជាក្តីកង្វល់បន្តឬយ៉ាងណា”៕