ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកអភិវឌ្ឍមួយរូបលើកឡើងថា សព្វថ្ងៃនេះ នៅជំុវិញរាជធានីភ្នំពេញ មិនទាន់មានកន្លែងសំដែងរបាំវប្បធម៌ទេ ហើយបើយើងចង់ទៅទស្សនាការសំដែង របាំក្ងោក យីកេ ឬអាយ៉ៃក៏មិនមានដែរ ដូច្នេះយើងចង់បង្កើតពីឥឡូវនេះទៅដើម្បីជួយឱ្យមានសកម្មភាពនេះឡើង។
នៅពេលយើងបង្កើតសកម្មភាពបាន នោះយើងអាចចិញ្ចឹមបុគ្គលិក និងកម្មករបានរាប់សិបនាក់។ បន្ថែមពីនេះ យើងបង្កើតទាំងសួនសិប្បកម្មដើម្បីអាចឱ្យកម្មករមានការងារធ្វើ និងកន្លែងទេសចរណ៍ដែលអាចផ្តល់ការងារធ្វើដល់មនុស្សរាប់ពាន់នាក់ និងទទួលបានចំណូលខ្ពស់។ ឧទាហរណ៍ កម្មករអាចដាំបន្លែលក់ដល់ភ្ញៀវទេសចរក្នុងតម្លៃប្រហែល៥ដុល្លារក្នុងមួយគីឡូខ្ពស់ជាងលក់ឱ្យឈ្មួញក្នុងតម្លៃ១ដុល្លារក្នុងមួយគីឡូ។
ទោះបីជាយ៉ាងនេះក្តី យើងនឹងបង្រៀនពួកគាត់អំពីរបៀបវេចខ្ចប់ អនាម័យ និងភាពរួសរាយរាក់ទាក់ចំពោះអតិថិជន ជាពិសេសគឺស្នាមញញឹមជារឿងធំបំផុតមួយ ជាឧទាហរណ៍ ហាងមួយដែលល្អ និងមានម្ហូបអាហារឆ្ងាញ់ ប៉ុន្តែបើអ្នកសេវាកម្មមិនបង្ហាញស្នាមញញឹមរួសរាយក៏មិនកើតនោះដែរ ដូច្នេះយើងត្រូវតែពន្យល់ និងបង្រៀនដល់ពួកគាត់។យើងបានស្នើសុំកិច្ចសហការពីចៅហ្វាយស្រុក និងមេឃុំ និងប្រធានមន្ទីរទេសចរណ៍ខេត្ត ហើយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ក៏នឹងចូលរួមគ្រប់សកម្មភាពផងដែរ។ លើសពីនេះ យើងមិនត្រូវការថវិការដ្ឋមកធ្វើនោះទេ ហើយយើងមានតែជួយឧបត្ថម្ភដល់រដ្ឋវិញ ប៉ុន្តែយើងត្រូវការការគាំទ្រ។
យើងគ្រោងបង្កើតទាំងផ្សារណាត់ ឬផ្សារចុងសប្តាហ៍ ហើយបើថ្ងៃក្រោយទៅមុខក្លាយទៅជាផ្សារជាប្រចាំ ប៉ុន្តែពេលនេះមិនទាន់អាចទៅរួច ដូច្នេះយើងបង្កើតជាផ្សារណាត់ជាមុនសិនសម្រាប់មកដើរលេងថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យ។លោកលើកឡើងថា ប្រសិនបើអ្នកទាំងអស់គ្នាមិនមែនជាអ្នកអចលនទ្រព្យ ប្រហែលជាអាចយល់ខុសពីលោក ពេលដែលឃើញក្រលុកសំរាមអត់ស្អាត ហើយខ្ញុំជាអ្នកអភិវឌ្ឍកន្លែងដែលមិនស្អាតទៅជាកន្លែងស្អាត ដើមឈើមិនស្អាតយើងធ្វើឱ្យស្អាត ស្រះទឹកយើងដាក់ចិញ្ចឹមត្រី ហើយតំបន់នេះបច្ចុប្បន្នមិនទាន់ស្អាតនោះទេ និងគ្មានភាពទាក់ទាញ ប៉ុន្តែរយៈពេល១ឆ្នាំ ២ឆ្នាំ ឬរហូតដល់៥ឆ្នាំខាងមុខ យើងនឹងឃើញមនុស្សរាប់មុឺននាក់មកកម្សាន្តលេងនៅតីនេះតាមរយៈផែនការរបស់យើង។
លើសពីនេះ យើងធ្លាប់មានបទពិសោធធ្វើ និងប្រែក្លាយទីកន្លែងដែលអត់មានអ្វីសោះមកក្លាយជាទីក្រុង និងប្រែក្លាយដីទំនេរទុកចោលមកក្លាយជាដីធ្វើឧស្សាហកម្ម ដោយសារជំហានដំបូងគេគឺយើងបានបង្កើតផែនការគោលដៅ ហើយលោកចង់ឱ្យអ្នកទាំងអស់គ្នាដែលមកដល់ទីនេះចូលរួមចាប់យកឱកាស។
ឧទាហរណ៍ ប្រសិនបើអ្នកទាំងអស់គ្នា ចង់បង្កើតភោជនីយដ្ឋានមួយ ប៉ុន្តែមិនហ៊ានធ្វើព្រោះខ្លាចខ្វះមនុស្ស ដូច្នេះយើងត្រូវពិភាក្សាគ្នាថា បើបង្កើតភោជនីយដ្ឋាននៅកន្លែងណាផ្សេងត្រូវចាយប្រាក់អស់១០មុឺនដុល្លារបានទំហំតែ១ល្វែង តែបើបង្កើតភោជនីយដ្ឋាននៅទីនេះគឺយើងបានទំហំធំណាស់ ហើយបើយើងខ្វះមនុស្ស យើងត្រូវរៀបចំផែនការដើម្បីទាញយកមនុស្សមក ពោលគឺទាញយកទាំងភ្ញៀវ និងអ្នកផ្សេងៗទៀត តែជាពិសេសគឺត្រូវទាញយកភ្ញៀវនេះតែម្តង។
ម្យ៉ាងវិញទៀត ភ្ញៀវទី១របស់យើងដែលបានរំពឹងទុក ពួកគាត់អាចប្រើប្រាស់មធ្យោបាយធ្វើដំណើរជាឡាន ប៉ុន្តែអ្វីដែលពួកគាត់ចង់បានគឺជាសេវាកម្ម ម្ហូបធូរថ្លៃ មានរសជាតិឆ្ងាញ់ អនាម័យល្អ និងទទួលបានសេវាកម្មរួសរាយរាក់ទាក់ល្អ ហើយនេះជារឿងមួយ ដែលយើងអាចឈ្នះគេ។យើងសូមលើកឡើងខ្លីៗថា ទីតាំងនេះគឺនៅជិតរាជធានីភ្នំពេញ បើគិតពីក្រសួងដែនដីមកដល់ទីតាំងនេះមានប្រវែងជាង៣០គីឡូម៉ែត្រប៉ុណ្ណោះ ហើយនិងត្រូវការធ្វើដំណើរត្រឹមតែជាង៣០នាទី ឬ១ម៉ោង ដែលយើងអាចបើកបរវិលល្ងាចបាន ហើយភ្ញៀវទេសចរណ៍អាចមកសម្រាកគេងបាននៅផ្ទះលំហែ។
លើសពីនេះ ទីតាំងនេះគឺជាទីតាំងរបស់ខ្លួនឯងស្រាប់ ដែលយើងអាចចង់ធ្វើអ្វីក៏បាន ចង់រកសុីអ្វី ចង់ចាប់ឱកាសអ្វីក៏បាន ហើយយើងអាចពិភាក្សា និងជជែកគ្នាបានទៀតក្នុងន័យសហការ ដើម្បីរកវិធីសាស្ត្រ ហើយមើលឃើញឱកាសថាមកទីនេះ មានដីជាង១០០ហិកតា និងសួនរីសតជាង៨ហិកតា ដើម្បីសហការគ្នារកសុីផ្សេងៗនៅទីនេះ ដូចជាដាំផ្កា ឬបើកភោជនីយដ្ឋាន ចិញ្ចឹមត្រី ធ្វើកសិកម្មដាំដុះ…៕