ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ បានជំរុញឲ្យក្រុមហ៊ុនប្រតិបត្ដិករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី បំពេញលក្ខខណ្ឌ និងបែបបទបច្ចេកទេសឲ្យបានសមស្រប។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជួបសម្ដែងការគួរសម ជាមួយអនុប្រធានក្រុមហ៊ុន Yunnan Airport Group Co.,Ltd ដែលជាក្រុមហ៊ុនប្រតិបត្ដិករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី លោក Jia Suo ដែលទទួលបន្ទុកក្រុមហ៊ុនចំនួន២ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។គោលបំណង នៃការជួបសម្ដែងការគួរសមនេះ គឺតំណាងក្រុមហ៊ុន Yunnan Airport Group Co.,Ltd មករាយការណ៍អំពីវឌ្ឍនភាព និងអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្ដការងារ ដើម្បីឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយពិនិត្យផ្ដល់យោបល់ និងផ្ដល់ការណែនាំ ក្នុងជំរុញការងារការបញ្ចប់ការដ្ឋាន។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក អាកាសយានដ្ឋានអន្ដរជាតិសៀមរាបចាស់ មកអាកាសយានដ្ឋានថ្មី ទៅតាមការស្ម័គ្រចិត្ដរបស់បុគ្គលិក ហើយប្រតិបត្ដិករថ្មីនេះ ទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមកចង់បម្រើការងារ នៅអាកាសយានដ្ឋានថ្មីនេះ។
លោកបន្តថា ដោយឡែក តួនាទី និងភារកិច្ច របស់បុគ្គលិកចាស់ គឺផ្ដល់ឲ្យដូចតួនាទី ដែលធ្លាប់ធ្វើកន្លងមក ប៉ុន្ដែចំពោះអ្នកដែលចង់ប្ដូរ ក៏មានការអនុញ្ញាតផងដែរ។លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ថា “កិច្ចការទាំងអស់នេះ កំពុងតែមានដំណើរការយ៉ាងរលូន ប៉ុន្ដែក៏មានការបារម្ភ ដែលអាចត្រូវការពេលវេលាបន្ថែម ដើម្បីទទួលបាននូវបុគ្គលិកជំនាញទាំងអស់នេះ”។ លោកបន្តថា “ក្រុមហ៊ុនក៏មានសិទ្ធិ ជ្រើសរើសបុគ្គលិកខាងក្រៅ ដើម្បីបណ្ដុះបណ្ដាលជំនាញបន្ថែម ក្នុងករណីបុគ្គលិកមានការខ្វះខាត”។
ក្នុងជំនួបនេះតំណាងក្រុមហ៊ុន ក៏បានសំណូមពរឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយសម្របសម្រួល និងជួយជំរុញការបិទអាកាសយានដ្ឋានចាស់ ដើម្បីឈានទៅបើកអាកាសយានដ្ឋានថ្មី។ ខាងជំនាញ បានពិនិត្យតារាងកម្មវិធី និងពេលវេលា ដើម្បីកំណត់ពេលបិទអាកាសយានដ្ឋានចាស់ទាំងស្រុង។
ការទទួលបាននូវវិញ្ញាបនបត្រ ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតម្រូវឲ្យក្រុមហ៊ុន បំពេញនូវលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពមួយចំនួនធំ ហើយក្រុមហ៊ុនកំពុងតែរៀបចំ ដើម្បីបំពេញលក្ខខណ្ឌ និងសូមឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយផ្ដល់ការគាំទ្រ និងសម្របសម្រួលបន្ថែមទៀត ដើម្បីទទួលបាននូវវិញ្ញាបនបត្រនេះ មុននឹងបើកសម្ពោធជាផ្លូវការ។លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ បានជម្រាបជូនអំពីទស្សនទាន និងការគាំទ្រ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះការអនុវត្ដការងារនេះ គឺនឹងខិតខំជំរុញយ៉ាងម៉េច ដើម្បីលទ្ធផលទទួលបានផ្លែផ្កា និងស្របទៅតាមកម្មវិធី ក្នុងការដាក់ដំណើរការអាកាសយានដ្ឋានថ្មីជាផ្លូវការ។
ទន្ទឹមគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏សូមឲ្យក្រុមហ៊ុនបន្ដសហការ ដើម្បីសហការជាមួយក្រុមការងារ ក្នុងការបំពេញលក្ខខណ្ឌ និងបែបបទបច្ចេកទេសទាំងអស់ឲ្យបានសមស្រប។លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានទទួលយកសំណូមពរ និងបន្ដគាំទ្រ ដើម្បីជំរុញការងារឲ្យបានលឿន ទៅតាមលទ្ធិភាពដែលធ្វីបាន និងសូមឲ្យការងារបច្ចេកទេសសហការ ជាមួយក្រុមការងារបច្ចេកទេសអាកាសចរស៊ីវិល ដើម្បីជំរុញល្បឿនឲ្យកាន់តែលឿន ក្នុងការដំណើរការទាន់ពេលវេលា៕