ដោយ គង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យក្រុមហ៊ុនអឺរ៉ុបបន្តវិនិយោគនៅកម្ពុជា ទោះជាប្រព័ន្ឋ EBA ត្រូវដកឬមិនដកចេញពីកម្ពុជានាពេលខាងមុខ ដោយសម្តេចធានារក្សានូវសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា ពិសេសកែទម្រង់លើស្ថាប័នជាច្រើនដើម្បីលើកទឹកចិត្តធុរជន។
សម្តេចតេជោបានមានប្រសាសន៍ ក្នុងពេលអញ្ជើញចូលរួមបិទសន្និបាតការងារក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី១៤ កុម្ភៈម្សិលម៉ិញថា រាជរដ្ឋាភិបាលកំពុងតែចាត់វិធានការកែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ សំដៅកែលម្អ និងលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសវិធានការសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច ជាអាទ៍ ការលុបបំបាត់វិញ្ញាបនបត្រប្រភពដើមទំនិញ ការកែសម្រួលមុខនាទីរបស់កាំកុងត្រូលចេញពីមុខនាទីត្រួតពិនិត្យទំនិញនាំចេញ នាំចូល។
ការរំសាយអង្គភាពកាំសាប ការកាត់បន្ថយថ្លៃស្គែនកុងទីណ័រ និងថ្លៃសេវាមួយចំនួនទៀត ការកែលម្អសេវាពាក់ព័ន្ធ ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រាសធុនតូច និងមធ្យម និងវិធានការសំខាន់ៗជាប្រព័ន្ធជាច្រើនទៀត ដែលសហគមន៍ធុរកិច្ចនឹងបានឃើញ ព្រមទាំបានទទួលផល ប្រយោជន៍ជាក់ស្ដែងបន្ថែមជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លីខាងមុខ។
សម្តេចបានបញ្ជាក់ថា “ខ្ញុំចង់យកពេលនេះ និយាយទៅកាន់បណ្ដាក្រុមហ៊ុនអឺរ៉ុបរាប់រយក្រុមហ៊ុន ដែលកំពុងធ្វើអាជីកម្មនៅកម្ពុជា សូមបន្តការរកស៊ី និងស្នាក់នៅដោយការសប្បាយរីករាយ ជាមួយសុខសន្តិភាពសម្រាប់អស់លោកអ្នក”។
សម្តេចបញ្ជាក់ថា “ខ្ញុំក៏សូមជម្រាជូនធុរជន និងវិនិយោគិនទាំងឡាយ ទាំងអ្នកដែលកំពុងមានការវិនិយោគ និងការប្រកបអាជីកម្មនៅកម្ពុជា ទាំងអ្នកដែលមានបំណងមកដាក់ទុន ឬកំពុងសិក្សាដាក់ទុនវិនិយោគនៅកម្ពុជា ជាមួយនឹងការប្ដូរផ្ដាច់រក្សាឱ្យបានល្អប្រសើរនូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស”។
សម្តេចតេជោបានបន្តថា ក្នុងស្មារតីនៃការខិតខំខាងលើបាវចនាពីរ គឺ កែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអភិក្រម៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ត្រូវតែយកមកអនុវត្តព្រមៗគ្នា។
ទន្ទឹមនិងការកែទម្រង់ផ្ទៃក្នុងដែលកំពុងទទួលផល យើងក៏កំពុងបន្តទំនាក់ទំនងជាមួយប្រទេសនានា នៅក្នុងសហភាពអឺរ៉ុបផងដែរ ដោយមិនទុកឱ្យបញ្ ហាEBA ក្លាយទៅជាឧបសគ្គនៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ សហគមន៍ និងសហគមន៍នោះទេ។
សម្តេចបន្តថា “កម្ពុជានិងរួមជាមួយសមាជិកអាស៊ានផ្សេងទៀត បន្តចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន និងអឺរ៉ុប ព្រមទាំងពិនិត្យពេលវេលាសមស្រប សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអឺរ៉ុប តាមសំណើរបស់សហភាពអឺរ៉ុប”។
សម្តេចបន្តថា “កម្ពុជានិងបន្តពិភាក្សាជាមួយដៃគូអឺរ៉ុប សម្រាប់ប្រធានបទ និងកិច្ចដំណើរការនៃការប្រជុំអាស៊ី អឺរ៉ុបលើកទី១៣នៅកម្ពុជា នាឆ្នាំ២០២០ខាងមុខ ដែលកម្ពុជាសង្ឃឹមថា ដៃគូអឺរ៉ុបរបស់យើងដើម្បីសម្រេចជោគជ័យ ក្នុងវេទិកាពហុភាគីដ៏សំខាន់មួយនេះ”។
ជាមួយគ្នានេះលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ប្រសិនជាអឺរ៉ុបដកប្រព័ន្ឋ EBA ពីកម្ពុជា សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ ប៉ុន្តែមិនធ្ងន់ធ្ងរទេ ប៉ុន្តែវាជាពេលវេលាដែលកម្ពុជាត្រូវពង្រឹងខ្លួនឯង ជាជាងការពឹងផ្អែកលើគេខ្លាំងពេក ព្រោះយើងមិនអាចពឹងគេបានរហូតនោះទេ បើយើងពឹងគេថ្ងៃណាមួយគេឈប់ជួយយើង យើងនឹងស្លាប់។
លោកបន្តថា “ហេតុនេះយើងត្រូវខិតខំពង្រឹងខ្លួនឯង ធ្វើពិពិធម្មទីផ្សារ និងធ្វើពិពិធកម្មផលិតផលរបស់យើង ដើម្បីយើងអាចមានមូលដ្ឋានរ៉ឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន”៕