ដោយវុត្ថា
ទីក្រុងហ្សឺណែវ៖ ជាថ្មីម្តងទៀត ភាគីកម្ពុជាបានជំរុញឲ្យភាគីថៃជួយពន្លឿនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឆ្លងកាត់ព្រំដែនតាមផ្លូវដែកនៃប្រទេសទាំងពីរ ខណៈដែលកិច្ចព្រមព្រៀងទាំងនោះបានសិក្សារួចរាល់ហើយនោះ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ មន្ត្រីជាន់ខ្ពស់សាធារណៈការ និងដឹកជញ្ជូនថៃនៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោក អង្គការសហប្រជាជាតិលើកទី៨១ ពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើង អំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពី កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន របស់មហាអនុតំបន់ទន្លេមេគង្គ (GMS CBTA) ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់១៣ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានជម្រុញឲ្យប្រទេសថៃ ខិតខំពន្លឿនការងារ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឆ្លងកាត់ព្រំដែនតាមផ្លូវដែករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពី ការចូលរួមអនុវត្តកម្មវិធីប្រមូលផលដើមដៃរបស់កិច្ចព្រមព្រៀងCBTA។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលធ្លាប់បានឲ្យដឹងថា លោកនឹងអញ្ជើសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងនាយករដ្ឋមន្ត្រីថៃឲ្យជិះរថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃតាមផ្លូវដែក ក្រោយពីចុះកិច្ចព្រមព្រៀងជាមួយភាគីថៃរួចរាល់អស់ហើយ តែរហូតដល់ពេលនេះភាគីទាំងពីរ មិនទាន់ចុះហត្ថលេខាជាផ្លូវការនៅឡើយទេ។
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃបានឱ្យដឹងដែរថា ការតភ្ជាប់ផ្លូវរថភ្លើងរវាងថៃ និងកម្ពុជានេះ នឹងត្រូវបើកដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ដើម្បីឱ្យប្រជាជន អាជីវករ ពាណិជ្ជករនៃប្រទេស ទាំងពីរដឹកជញ្ជូនទំនិញ ផលិតផលផ្សេងៗចេញ ចូលកាន់តែលឿនឆាប់រហ័ស និងផ្ដល់ភាពងាយស្រួលថែមទៀត។
កម្ពុជា- ថៃ កាលពីកន្លងទៅនេះបានឯកភាពគ្នា លើការបញ្ចប់នីតិវិធី និងបែបបទក្នុងការបើកដាក់ឱ្យដំណើរការផ្លូវរថភ្លើង សម្រាប់ធ្វើដំណើរឆ្លង កាត់តាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីឈានទៅចុះហត្ថលេខា និងបើកសម្ពោធបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃនាពេលខាងមុខនេះ៕