ឥណ្ឌា​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​អាទិភាព​ចំនួន៤នៅ​កម្ពុជា​

0

ដោយ​ ​វុត្ថា

​ញូ​វ​ដេលី​៖​ ​តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ឥណ្ឌា​ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗ​ចំនួន៤​ ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ​រួមមាន​៖​ ​វិទ្យាសាស្រ្ត​ ​និង​ប​ចេ្ច​ក​វិទ្យា​ ​ទេសចរណ៍​ ​ហេ​ដ្ឋា​ចរ​ចនា​សម្ព័ន្ធ​ ​(​ផ្លូវថ្នល់​ ​ផ្លូវដែក​ ​និង​ស្ពាន​)​ ​និង​កសិ​ឧស្សាហកម្ម​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ខ្លាំងក្លា​ថែមទៀត​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​កាលពី​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ឆ្នាំ ២០១៩ កន្លងមក​ ​នៅក្នុង​ទី​ក្រុង​ញូ​វ​ដែ​លី​ ​ប្រទេស​ឥណ្ឌា​ ​លោកSandip​ ​Somany​ ​ប្រធាន​សហព័ន្ធ​សភា​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ឥណ្ឌា​ ​(​FICCI​)​បាន​ឲ្យដឹង​ថា​ ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​រវាង​ប្រទេស​ឥណ្ឌា​ ​និង​រដ្ឋ​ជាស​មា​ជិ​ក​អាស៊ាន​ ​ព្រមទាំង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ ​ក្នុង​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ​ដែល​បច្ចុប្បន្ន​នៅ​មាន​ទំហំ​តិចតួច​នៅឡើយ​ ​បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ៗ​នៅក្នុង​តំបន់​។​

​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ​ ​និង​បាន​ជម្រាប​ជូន​ ​លោក​ ​សាន់​ឌិប​ ​សូ​ម៉ា​នី​ ​អំពី​លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​ ​គោលនយោបាយ​បើក​ចំហរ​ ​និង​គោលការណ៍​លើក​ទឹក​ចិត្ត​វិ​និ​យោ​គ​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល​ ​ព្រមទាំង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​(​IDP​)​ ​ឆ្នាំ២០១៥​-​២០២៥​ ​ដែល​មាន​គោលដៅ​ប្រែក្លាយ​កម្ពុជា​ ​ពី​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការប្រើ​ប្រាស់​កម្លាំង​ ​ទៅជា​ប្រើប្រាស់​ជំនាញ​នៅ​ឆ្នាំ២០៣០​។​

​លោក​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​អំ​ពី​សក្តា​នុ​ពល​នៃ​វិស័យ​កសិកម្ម​ ​និង​កសិ​ឧស្សាហកម្ម​កម្ពុជា​ ​និង​បាន​ស្នើសុំ​លោក​ ​សាន់​ឌិប​ ​សូ​ម៉ា​នី​ ​ជួយ​កៀងគរ​ធុរជន​ឥណ្ឌា​ ​ធ្វើការ​បណ្តាក់​ទុន​លើ​ការកែច្នៃ​កសិផល​ខ្មែរ​ ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ឥណ្ឌា​ ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​ ​

​លើស​ពីនេះ​ ​លោក​រដ្ឋមន្ត្រី​ ​ក៏បាន​សំណូមពរ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា​ ​មក​កម្ពុជា​ ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ ​វប្បធម៌​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ថែមទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here