ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាផ្លូវការនៅក្រសួងស្ថាប័ន-ក្រសួងចំនួន១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងរាជធានី-ខេត្តទាំង២៥ និងប្រកាសពង្រឹងការអនុវត្តគម្រោង FMIS ទៅកា់ក្រសួងស្ថាប័នចំនួន១៧ផ្សេងទៀតនៅក្នុង២០១៩នេះ។
ថ្លែងនៅក្នុងពិធីដាក់ឪ្យប្រើប្រាស់ប្រព័ន្ធនេះ នៅថ្ងៃទី២៥ កុម្ភៈនេះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ដោយខ្ជាប់នូវចក្ខុវិស័យច្បាស់លាស់ និងប្រកដប្រជា កម្ពុជាបាននឹងកំពុងប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចូល និងមជ្ឈការទៅជាប្រព័ន្ធដែលើលើលទ្ធផល និងវិមជ្ឈការស្របតាមស្តង់ដារអន្តរជាតិ។
លោករដ្ឋមន្ត្រីបន្តថា “វឌ្ឍនភាពដ៏ធំធេងនៃការអនុវត្តគម្រោង FMIS ពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺជាឆ្អឺងខ្នង និងបានរួមចំណែកយ៉ាងខ្លាំងក្នុងការជម្រុញឲ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានបោះជំហានទៅមុខជាមួយនឹងការចាក់គ្រឹះដ៏រឹងមំាសម្រាប់ឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៥ គឺ “គណនេយ្យភាពសមិទ្ធិកម្ម”។
លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា នេះគឺជាមោទនភាព សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ព្រោះថាយើងធ្វើបានល្អប្រសើរ និងបានលឿនជាងបណ្តាប្រទេសមួយចំនួនទៀត បើយោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក។ វឌ្ឍនភាព និងសមិទ្ធិផលនេះ គឺបានកើតឡើងចេញពីការខិតខំប្រឹងប្រែងរបស់យើងទំាងអស់គ្នាដោយឈរលើមូលដ្ឋាន ប្រមូលផ្តុំ ពិភាក្សា និងដោះស្រាយរួមគ្នាក្នុងស្មារតីជាក្រុមមួយ។
នៅឆ្នាំ២០១៩នេះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការសកម្មភាព សម្រួលនីតិវិធីអនុវត្តការងារ ក្នុងប្រព័ន្ធ FIMIS ដែលបានកំណត់ឲ្យច្បាស់អំពីនីតិវិធី ដើម្បីឲ្យការអនុវត្តិមានការអនុលោមភាពទៅនឹង “យុទ្ធសាសន៍នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៩-២០២៥”៕