ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នឹងចុះអនុស្សរៈកិច្ចសហប្រតិបត្តិការស្ដីពី ការបង្កើតវេទិកាសាធារណៈ-ឯកជនស្ដីពី ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា -ជប៉ុន នៅថ្ងៃទី២៦ខែកម្ភៈ ស្អែកនេះ។
ពិធីនេះនឹងធ្វើឡើងក្រោមអធិតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីថ្ងៃទី ២៥ កុម្ភៈកន្លងមកនេះថា ផ្តើមចេញពីអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ភាគីទាំងពីរនឹងរៀបចំវេទិកាសាធារណៈឯកជនស្តីពី ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន លើកទី១។
វេទិកានេះ នឹងមានការចូលរួមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា និង អនុរដ្ឋមន្ត្រីនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន និងក្រុមហ៊ុនវិនិយោគ និងធុរកិច្ចជនជប៉ុនប្រមាណ ៦០ក្រុមហ៊ុន ដែលជាក្រុមហ៊ុនវិនិយោគ អភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម លំនៅដ្ឋាន ប្រព័ន្ធលូ ធនាគារ និធានារ៉ាប់រង និងស្ថាប្យករកម្ពុជា គណៈវិស្វករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមគមន៍អ្នកសាងសង់កម្ពុជា សមគមន៍អភិវឌ្ឍន៍លំនៅដ្ឋាន កម្ពុជានិងសមាគម៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា៕