ដោយ វុត្ថា
ភ្នំពេញ៖ កិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉ខាងជើង លោកគីម ជុងអ៊ុន និងប្រធានាធិតីសហរដ្ឋអាមេរិក លោកដូណា ត្រាំដែលរៀបត្រូវបានរៀបចំធ្វើនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានបញ្ចប់ដោយពុំទទួលបានកិច្ចព្រមព្រៀងអ្វីមួយឡើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ដោយបានដកស្រងសេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលចុះហត្ថលេខាដោយលោក Sarah Sanders អ្នកនាំពាក្យសេតវិមាន បានគូសបញ្ជាប់ គ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំនាពេលនេះទេ ប៉ុន្តែភាគីទាំងពីរនឹងបន្តមានកិច្ចប្រជុំលើកក្រោយទៀត នាពេលអនាគតខាងមុខ។
កិច្ចប្រជុំនេះរវាងមេដឹកនាំទាំងពីរនេះត្រូវបានគេរំពឹងថា នឹងមានផ្លែផ្កាខ្លះ ហើយមានកិច្ចព្រមព្រៀមជុំវិញ បញ្ហាការរំសាយអាវុធនុក្លេអ៊ែររបស់កូរ៉េខាងជើង។
អ្នកវិភាគឯករាជ្យលោក យិន លាងគង់ បានសរសេរបទវិភាគមួយរួចហើយទាក់ទងនឹងកិច្ចប្រជុំនេះ គឺជាការប្រជុំដែលផ្តោតលើផលប្រយោជន៍ និងភូមិសាស្រ្តនយោបាយជាជាងរឿងរំសាយអាវុធនុយក្លេអ៊ែរ ហើយការជ្រើសរើសវៀតណាមធ្វើជាម្ចាស់ផ្ទះ ជាការផ្តល់អំណាច និងផលប្រយោជន៍ដល់វៀតណាម ជាអ្វីដែលអាមេរិកបាននិងកំពុងប្រើប្រាស់វៀតណាម ដើម្បីទប់ឥទ្ឋិពលចិននៅក្នុងតំបន់ និងបង្ហាញថា អាមេរិកកំពុងមានឥទ្ឋិពលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មិនមែនមានតែចិននោះទេ។
លោកបន្តថា “អ្នកទទួលបានផលប្រយោជន៍ធំពិតប្រាកដពីកិច្ចប្រជុំនេះ គឺវៀតណាម មិនមែនអាមេរិក និងកូរ៉េខាងជើងនោះទេ។ និយាយបែបនេះមិនមែនអាមេរិក និងកូរ៉េខាងជើងមិនបានផលប្រយោជន៍ទេ តែជាការបានផលប្រយោជន៍ដោយប្រយោល តាមរយៈការពង្រីកឥទ្ឋិពលក្នុងតំបន់ (សំរាប់អាមេរិក) និងកូរ៉េខាងជើងបានផលប្រយោជន៍ខាងសេដ្ឋកិច្ច និងការបើកចំហជាងមុន៕