តាក់ស៊ីលើអាកាសeVTOL អាចបើកជើងហោះហើរដោយជោគជ័យ ជាមួយល្បឿន២០០គីឡូម៉ែត្រក្នុង១ម៉ោង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាម​ការ​ចុះ​​ផ្សាយ​ ដោយសារព័ត៌មាន​ចិន China Daily បានឱ្យដឹងថា យន្ត​ហោះ​តាក់​ស៊ី​​អគ្គិសនី​ ដែលមានឈ្មោះ​​​ថា eVTOL ​បាន​បើកជើងហោះ​ហើរ​ ជាលើក​ដំបូង​​បង្អស់ ​នៅក្នុងប្រទេសចិនប្រកបដោយជោគជ័យ។

យន្ត​ហោះ​តាក់​ស៊ី​​អគ្គិសនី eVTOL គឺជាតាក់​ស៊ី​លើ​អាកាស​​ដំបូងគេ ដែលអាចហោះ​ហើរដឹកអ្នកដំណើរ ពី​ទី​ក្រុង​មួយ​ទៅ​ទី​​ក្រុង​មួយ​ទៀតប្រកបដោយ​ជោគ​ជ័យ។ ​​

ប្រភព​ដដែល​បាន​បន្តថា ​តាក់​ស៊ី​លើអាកាសនេះ បាន​បញ្ចប់ការហោះហើរនៅថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ២០២៤ ដោយ​ចាប់ផ្តើម​​ហោះចេញ​ពី​កំពង់​ផែ Shekou ក្នុងទី​ក្រុង​ Shenzhen ​ទៅ​​​កាន់​កំពង់​ផែ​ Jiuzhou ​ក្នុងទី​ក្រុង Zhuhai ដែលមានព្រំ​ដែនជាប់​ទីក្រុងហុង​កុង និងបន្តទៅ​កាន់​​ភាគ​ខាង​ត្បូង​ខេត្ត​ Guandong ជាប់​​ទីក្រុង​ម៉ាកាវ។

ការបើកប្រតិបត្តិ​ការ​ហោះ​ហើរ​នេះ បានចំណាយរយៈ​ពេល​២០នាទី ក្នុង​រយៈ​ចម្ងាយ​ហោះ​ហើរចំនួន៥៥គីឡូ​ម៉ែត្រ​។ យន្តហោះ​តាក់​ស៊ី​​ ដើរ​ដោយ​ថាមពលអគ្គិសនី​​ eVTOL នេះ​ ត្រូវបានផលិតដោយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​​មួយ​ ដែលមានឈ្មោះថា AutoFlight។

យន្តហោះនេះ មាន​សមត្ថភាព​ហោះ​ហើរ ជាមួយរយៈ​ចម្ងាយ​២៥០​គីឡូ​ម៉ែត្រ និង​អាច​​ដឹក​អ្នក​ដំណើរ​បាន​៥នាក់ និងមានសមត្ថភាព​ហោះ​ហើរ ​​ក្នុងល្បឿន​ចំនួន២០០គីឡូ​ម៉ែត្រ ​នៅក្នុងរយៈពេល១ម៉ោង ​។ ​​​​​​​

លោក Tian Yu នាយកប្រតិបត្តិ និងជាសហប្រធាននៃក្រុមហ៊ុន AutoFlight បានថ្លែងថា “យើងមានសេចក្តីរំភើបរីករាយណាស់ ដោ​យបានបង្ហាញ ពីសមត្ថភាពដ៏ទំនើបរបស់ក្រុមហ៊ុន AutoFlight តាមរយៈការបើកជើងហោះហើរ eVTOL ឆ្លងកាត់សមុទ្រ និងអន្តរទីក្រុងដំបូងគេរបស់ពិភពលោក”។

លោកបន្ថែមថា “យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូនៅជុំវិញពិភពលោក ហើយយើងនឹងបន្តជំរុញបដិវត្តន៍នេះ ដើម្បីនាំមកនូវជម្រើសតាក់ស៊ី ហោះហើរលើអាកាសប្រភេទ eVTOL ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងមានតម្លៃសំបុត្រ ធ្វើដំណើរសមរម្យទៅកាន់ទីក្រុងនានា ជុំវិញពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here