ទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីម៉ាឡេស៊ីទាំង៥រូបថយចុះអស់ខ្ទង់ពាន់លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទស្សនាវដ្តីអាមេរិក Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់កំពូល មហាសេដ្ឋីចំនួន៥រូប នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះចំនួន១,៦ពាន់លានដុល្លារ នៅឆ្នាំ២០២៤នេះ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីម៉ាឡេស៊ី ទាំង៥រូប ដែលខាតបង់ទ្រព្យសម្បត្តិ អស់ច្រើនជាងគេនៅឆ្នាំ២០២៤នេះ៖

ទី១: លោក Robert Kuok ស្ថាបនិកសណ្ឋាគារ Shangri-La
លោក Robert Kuok មានអាយុ១០០ឆ្នាំ និងនៅតែជាមហាសេដ្ឋីលំដាប់ទី១ នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលលោក មានទ្រព្យសម្បត្តិសុទ្ធចំនួន១១ពាន់លានដុល្លារ ធ្លាក់ចុះ៦,៧% បើធៀបនឹងឆ្នាំមុន។លោក Robert Kuok បានចាប់ផ្តើម រកស៊ីខាងជួញដូរអង្ករ ស្ករ និងស្រូវសាលីនៅឆ្នាំ១៩៤៩។ ប្រមាណ២ទសវត្សរ៍​ក្រោយ​មក លោកបាន​បង្កើត​សណ្ឋាគារ និង​រមណីយដ្ឋាន Shangri-La ក្នុង​ប្រទេស​សិង្ហបុរី។

ទី២: លោក Quek Leng Chan សហស្ថាបនិកក្រុមហ៊ុនហិរញ្ញវត្ថុ Hong Leong Group
លោក Quek Leng Chan អាយុ៨២ឆ្នាំ​ គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន Hong Leong Co.ដែលរកស៊ីផ្នែកហិរញ្ញវត្ថុ អាហារ និងអចលនទ្រព្យ។ នៅឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិរបស់លោក បានថយចុះចំនួន២% មកនៅត្រឹម៩,៩ពាន់លានដុល្លារ។

ទី៣: លោក Ananda Krishnan ម្ចាស់ភាគហ៊ុនក្រុមហ៊ុនសេវាកម្មប្រេង Bumi Armada
លោក Ananda Krishnan អាយុ៨២ឆ្នាំ បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Harvard Business School  ហើយលោកមាន​ភាគហ៊ុន នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ Maxis ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Astro Malaysia Holdings និងក្រុមហ៊ុនផ្តល់សេវាអណ្តូងប្រេង Bumi Armada ។លោក Ananda Krishnan មានទ្រព្យសម្បត្តិសុទ្ធចំនួន១១,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ប៉ុន្តែទ្រព្យសម្បត្តិរបស់លោកបានថយចុះ មកនៅត្រឹមតែ៥,២ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤នេះ។

ទី៤: លោក Koon Poh Keong ស្ថាបនិកក្រុមហ៊ុនផលិតអាលុយមីញ៉ូម Press Metal

លោក Koon Poh Keong មានអាយុ៦២ឆ្នាំ ដោយទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះ១០% មកនៅត្រឹម៣,៦ពាន់លានដុល្លារ។ បច្ចុប្បន្ន លោកកាន់តំណែងជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតអាលុយមីញ៉ូម Press Metal ខណៈដែលបងប្រុសឈ្មោះ Poh Ming គឺជាអនុប្រធានប្រតិបត្តិ។ទី៥: លោក Lee Yeow Chor នាយកប្រតិបត្តិក្រុមហ៊ុនចម្រាញ់ប្រេងដូង IOI
លោក Lee Yeow Chor អាយុ៥៧ឆ្នាំ បានទទួលមរតកភាគហ៊ុននៅក្នុងសាជីវកម្ម IOI ដែលជាអាណាចក្រក្រុមហ៊ុនចម្រាញ់ប្រេងដូង និងអចលនទ្រព្យ ដែលបង្កើតឡើងដោយឪពុករបស់លោក។

សព្វថ្ងៃ លោក Lee កាន់មុខនាទីជានាយកគ្រប់គ្រង និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដ៏ធំមួយនេះ។  ទ្រព្យសម្បត្តិរបស់លោ​កLee ក៏បានថយចុះផងដែរ ប៉ុន្តែចំនួនតួលេខពិតប្រាកដមិនត្រូវបានគេបញ្ចេញឱ្យដឹងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here