តើប្រទេសណាខ្លះ ដែលមានអគារខ្ពស់ៗកប់ពពកច្រើនជាងគេនៅលើពិភពលោក?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គេហទំព័រWikipedia បានឱ្យដឹងថា ប្រទេសដែលមានអគារខ្ពស់ៗ កប់ពពកច្រើនជាងគេនៅលើពិភពលោក គឺប្រទេសចិន ដែលមានចំនួន៤.៣៧៧អគារ បន្ទាប់មកគឺសហរដ្ឋអាមេរិកមាន១.១៦៤អគារ និងប្រទេសអារ៉ាប់រួម(UAE)មាន៥៤៥អគារ។

ប្រទេសម៉ាឡេស៊ី មានអគារខ្ពស់កប់ពពកសរុបចំនួន៣៦៦អគារ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានអគារកប់ពពកច្រើនជាងគេទី៤ ទូទាំងពិភពលោក។

ក្នុង​ចំណោម​សំណង់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ គេសង្កេតឃើញថា អគារចំនួន២៩៣ មានកំពស់លើស​ពី១៥០ម៉ែត្រ អគារចំនួន៦៧ មានកំពស់លើស​ពី២០០ម៉ែត្រ និង​អគារចំនួន៦ទៀត មាន​កំពស់ជាង៣០០ម៉ែត្រ។

ជាពិសេស អគារខ្ពស់ជាងគេលំដាប់ទី២ របស់ពិភពលោក មានទីតាំងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីថែមទៀតផង ដែលមានឈ្មោះថា អគារ Merdeka 118 និងមានកម្ពស់ចំនួន៦៧៨,៩ម៉ែត្រ។

ចំណែក ទីក្រុង​ឌូបៃ​របស់ប្រទេសអារ៉ាប់រួម(UAE) ដែលមាន​ប្រជាជន​ត្រឹមតែ​ជាង​៣លាន​នាក់ មាន​អគារ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​អគារBurj Khalifa ដែលមាន​កម្ពស់៨២៨ម៉ែត្រ​។

ជាធម្មតា ពាក្យ “អគារខ្ពស់ៗកប់ពពក ឬហៅជាភាសាអង់គ្លេសថា skyscraper ” សំដៅទៅលើអគារ ដែលមានកម្ពស់លើសពី១៥០ម៉ែត្រ និងមានកំពស់ច្រើនជាង៤០ជាន់។

ជាងនេះទៅទៀត សំណង់អគារខ្ពស់ៗកប់ពពក បានផ្តល់នូវការរួមចំណែកជាច្រើន ដល់សេដ្ឋកិច្ចរបស់ប្រទេសមួយ រាប់ចាប់តាំងពីការបង្កើតការងារ រហូតដល់ការទាក់ទាញលំហូរវិនិយោគ ផ្ទាល់ពីបរទេស(FDI)។

យោងតាមទស្សនទាន នៃការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់អគារខ្ពស់ៗទាំងនេះ បង្ហាញពីការវិនិយោគ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើន បង្កើតប្រាក់ចំណូលសម្រាប់អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here