សម្តេចធិបតីមានសុទិដ្ឋិនិយមថាកម្ពុជានឹងទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មជាមួយពលកម្មជំនាញ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតបានយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្តែងសុទិដ្ឋិនិយមថា កម្ពុជា​នឹង​បន្ត​ទទួល​បាន​វិនិយោគប្រភេទ​ឧស្សាហកម្ម​ ផ្អែក​លើ​ជំនាញ​ជា​បន្តបន្ទាប់ ហើយ​កម្ពុជា​ក៏​ត្រូវ​បន្ដ​អភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​ ដែល​បម្រើ​ទៅ​ដល់​ការ​វិនិយោគ​ផងដែរ។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធរោងចក្រដំឡើងរថយន្តToyota នាព្រឹកថ្ងៃទី២ ឧសភាកន្លងមកនេះ។

សម្តេចបានបញ្ជាក់ថា “ខ្ញុំពិត​ជា​មាន​សុទិដ្ឋិនិយម និង​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាមួយ​នឹង​ធនធាន​មនុស្ស និង​កម្លាំង​ពលកម្ម​ជំនាញ​វ័យក្មេង​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា និង​ភាព​ទាក់ទាញ​នៃ​ការ​វិនិយោគ​កម្ពុជា យើង​នឹង​បន្ត​ទទួល​បាន​វិនិយោគ ​ប្រភេទ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​នេះ​ជា​បន្តបន្ទាប់”។

សម្តេចបានបន្ថែមថា កម្ពុជា​ក៏​ត្រូវ​បន្ដ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ឧស្សាហកម្ម​ ដែល​បម្រើ​ទៅ​ដល់​ការវិនិយោគ ​និង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ​ប្រកប​ដោយ​ជំនាញ​ ស្រប​តាម​តម្រូវ​ការ​ទីផ្សារពលកម្ម​ជាបន្តឥតដាច់​ផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី​បាន​លើក​ឡើង ​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ គឺ​ការ​ជំរុញកែប្រែ​និង​ធ្វើ​ទំនើបកម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា​ ពី​ឧស្សាហកម្ម​អតិពលកម្ម​ឈាន​ទៅ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥។

ចក្ខុវិស័យ​នេះ​មាន​គោលដៅ​រួម​ចំណែក ​ដល់​ការ​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់ ​ដែល​ទ្រទ្រង់​ដល់កំណើន​សេដ្ឋកិច្ច ​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន ការ​បង្កើត​ការងារ ការ​បង្កើន​ប្រាក់ចំណូល​សមស្រប និង​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ជូន​ដល់​ប្រជាពលរដ្ឋ។

កម្ពុជា​បាន​កំណត់​ចក្ខុវិស័យ ​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ជា​មជ្ឈមណ្ឌ​ល​ផ្តុំ ​សកម្មភាព​ផលិត​គ្រឿង​បង្គុំ​យានយន្ត និង​បរិក្ខារ​អេឡិចត្រូនិក​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​សកល​លោក។

សម្តេចធិបតីបានបញ្ចាក់ថា “ការ​សម្រេច​បាន​ចក្ខុវិស័យ​នេះ ​នឹង​នាំ​មក​ជា​ផ្លែផ្កា​វិជ្ជមាន​ជាច្រើន​ សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា”។

លោក Ueno Atsushi ឯក​អគ្គរា​ជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នោះថា រោងចក្រ​តូយ៉ូតា​នេះ ​ពិត​ជា​នឹង​រួម​ចំណែក​ទាំង​ការ​ធ្វើ​ពិពិធកម្ម និង​ទំនើបកម្ម​នៃ​ឧស្សាហកម្មកម្មន្តសាល ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ខ្ពស់។

លោក​បង្ហាញ​សង្ឃឹម​ថា បុគ្គលិក​កម្ពុជា​ទាំងអស់​ ដែល​បាន​ទទួ​ល​ការ​បណ្ដុះបណ្ដាល​ ដោយក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ នឹង​រួម​ចំណែក​​ជួយ​ឱ្យ​កម្ពុជា ​ក្លាយ​ជា​មជ្ឈមណ្ឌល​កម្មន្តសាល នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here