ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់ចាយប្រាក់អឺរ៉ូ បានងើបចេញពីវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីបណ្តាប្រទេសចំនួន៤ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបសម្រេចបានកំណើនលើសការព្យាករណ៍ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤។
បណ្តាប្រទេសអឺរ៉ុបទាំង៣១ ដែលប្រើប្រាស់រូបិយប័ណ្ណប្រាក់អឺរ៉ូ បានប្រកាសកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣ភាគរយ នៅចន្លោះខែមករា និងខែមីនា បន្ទាប់ពីធ្លាក់ចុះ០,១ភាគរយ ក្នុងរយៈពេល២ត្រីមាសជាប់ៗគ្នា។
យោងតាមតួលេខពីទីភ្នាក់ងារស្ថិតិ របស់គណៈកម្មការអឺរ៉ុប Eurostat បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំនេះ តំបន់ចាយប្រាក់អឺរ៉ូ សម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២២។ការថយចុះនៃតម្លៃថាមពល និងអតិផរណា ការដំឡើងប្រាក់ឈ្នួល និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ បានជួយជំរុញសកម្មភាពសេដ្ឋកិច្ចអឺរ៉ុប នៅត្រីមាសទី១ឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចរបស់តំបន់នេះ បានកើនឡើងត្រឹមតែមួយត្រីមាសប៉ុណ្ណោះ។
បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុត នៅតំបន់អឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ និងបារាំង សម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់០,២% ខណៈប្រទេសអ៊ីតាលី និងអេស្ប៉ាញសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣% និង០,៧%រៀងគ្នា។
ដោយឡែក បើយោងតាមទិន្នន័យផ្សេងទៀត របស់ទីភ្នាក់ងារ Eurostat បានបង្ហាញថា អតិផរណាទូទៅនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបន្តស្ថិតនៅទ្រឹងត្រឹម២,៤%ក្នុងខែមេសា ខណៈអតិផរណាស្នូល ដែលមិនរាប់បញ្ចូលថាមពល និងអាហារបានធ្លាក់ចុះពី២,៩% មកនៅត្រឹម២,៧% ។
ទោះបីជាសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ នៅក្នុងត្រីមាសទី១ សម្រេចបានកំណើនខ្ពស់ ជាងការព្យាករណ៍របស់ធនាគារកណ្តាលអឺរ៉ុប(ECB)យ៉ាងណាក្តី ក៏ប៉ុន្តែក្រុមអ្នកវិភាគជឿជាក់ថា ការថយចុះនៃអតិផរណា បានបើកផ្លូវសម្រាប់ការបញ្ចុះ អត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលការណ៍នេះនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត៕ប្រភព: The Guardian ៕