ក្រុមហ៊ុនអន្តរជាតិមួយវាយតម្លៃ និងផ្តល់អនុសាសន៍ទាក់ទងគំរោងព្រែកជីកហ្វូណនតេជោ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឯករាជ្យCBRE Cambodia បានធ្វើការវាយតម្លៃ ពីផលប្រយោជន៍សេដ្ឋកិច្ច និងអត្ថប្រយោជន៍ដទៃទៀត កើ់តចេញពីគំរោងព្រែកជីកហ្វូណនតេជោ។
យោងតាមរបាយការណ៍វាយតម្លៃរបស់CBRE ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ សីហាបានបង្ហាញថា ព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជា ដោយតភ្ជាប់ពីកំពង់ផែស្វយ័តក្រុងភ្នំពេញតាមដងទន្លេមេគង្គ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងនៅឈូងសមុទ្រថៃ។
ផ្លូវទឹកនេះនឹងហូរឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ នៅក្នុងគម្រោងនេះ រួមមានការសាងសង់ទំនប់ចំនួន៣ និងស្ពានចំនួន១១ខ្សែ។ ព្រែកជីកនេះ មានទទឹងប្រវែង១០០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ និងមានសមត្ថភាពផ្ទុកនាវាធំៗ។
ការវាយតម្លៃដដែលបានបង្ហាញថា ព្រែកជីកនេះ កំពុងត្រូវបានអភិវឌ្ឍន៍ឡើង ក្រោមកិច្ចសន្យាទម្រង់BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ)។ កំណាត់ផ្លូវទឹកប្រវែង២១គីឡូម៉ែត្រដំបូង នឹងគ្រប់គ្រង ដោយកំពង់ផែស្វយ័តភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងក្រុមហ៊ុនក្នុងស្រុក Oversea Cambodian Investment Corporation (OCIC)។
កំណាត់ផ្លូវទឹកបន្ទាប់ ប្រវែង១៥៩គីឡូម៉ែត្រនឹងជាការវិនិយោគរួមគ្នា ដោយកំពង់ផែស្វយ័តទាំង២ និងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ។
នៅពេលសាងសង់បញ្ចប់រួចរាល់ ព្រែកជីកហ្វូណនតេជោនឹងបង្កើនសមត្ថភាព នៃការដឹកជញ្ជូនតាមផ្លូវទឹក របស់កម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកខ្លាំង នាពេលបច្ចុប្បន្នលើកំពង់ផែរបស់ប្រទេសវៀតណាម។
រដ្ឋាភិបាលកម្ពុជាបានគូស បញ្ជាក់ពីការព្យាករណ៍ថា ព្រែកជីកនេះ នឹងរកប្រាក់ចំណូលបានចំនួន៨៨លានដុល្លារ ក្នុងឆ្នាំដំបូង ដោយរំពឹងថា នឹងកើនឡើងដល់៥៧០លានដុល្លារ ក្នុងមួយឆ្នាំនៅឆ្នាំ២០៥០។ ការព្យាករណ៍ ក៏បានគូសរំលេចអំពីផលចំណេញសេដ្ឋកិច្ច ត្រឡប់មកវិញពីការវិនិយោគលើព្រែកជីកហ្វូណនតេជោ (IRR) ចាប់ពី២០% ទៅ៣១%។
ចំនួននេះមានកម្រិតខ្ពស់ជាង មធ្យមភាគ១២% ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា បច្ចុប្បន្ន ទំនិញរបស់កម្ពុជាចំនួន៦៧% ត្រូវបានដឹកជញ្ជូនតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈទំនិញចំនួន៣៣% ទៀតត្រូវដឹកជញ្ជូនតាមកំពង់ផែ Cai Mep របស់ប្រទេសវៀតណាម តាមដងទន្លេមេគង្គ។
នៅពេលព្រែកជីកបើកដាក់ឱ្យប្រើប្រាស់ ទំនិញកម្ពុជាត្រូវដឹកជញ្ជូនតាមកំពង់ផែ Cai Mep ត្រូវបានគេរំពឹងថា នឹងថយចុះមកនៅត្រឹម១០%។
គម្រោងព្រែកជីកនេះ ក៏មានគោលបំណងកាត់បន្ថយចម្ងាយធ្វើដំណើរ និងកាត់បន្ថយថ្លៃដើមពី១.០៨៩ដុល្លារ មកនៅសល់ត្រឹម៩៣៤ដុល្លារអាមេរិក ក្នុងមួយTEU បើធៀបការដឹកជញ្ជូនរវាងកំពង់ផែ Cai Mep និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ជាមួយគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia ជឿជាក់ថា ព្រែកជីកនឹងផ្តល់ផលចំណេញ ផ្នែកសេដ្ឋកិច្ចភ្លាមៗ និងបង្កើនជម្រើស សម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា។
CBRE អះអាងថា គម្រោងនេះចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា ដោយចាក់បញ្ចូលសាច់ប្រាក់ប្រមាណ១,៧ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ ឬស្មើនឹងចំណែកចំនួន៤២%នៃលំហូរ FDI របស់កម្ពុជាក្នុងឆ្នាំ២០២៣។
លើសពីនេះ ក្នុងរយៈពេលវែង ព្រែកជីកហ្វូណន-តេជោមានសារៈសំខាន់យ៉ាងធំធេង ក្នុងឯករាជ្យភាពពាណិជ្ជកម្ម បន្ថែម ពីលើផលប្រយោជន៍សេដ្ឋកិច្ច។ ព្រែកជីកនេះ ក៏ផ្តល់ឱ្យកម្ពុជា នូវច្រកចូលដោយផ្ទាល់ និងចម្ងាយខ្លីជាងមុនទៅកាន់កំពង់ផែសមុទ្រ ក្នុងខេត្តកំពត និងកំពង់ផែក្រុងព្រះសីហនុ និងជួយពង្រឹងតួនាទី យុទ្ធសាស្ត្ររបស់កម្ពុជា ជាមជ្ឈមណ្ឌលដឹកជញ្ជូន បង្កើនភ័ស្តុភារ និងការប្រកួតប្រជែងពាណិជ្ជកម្ម ក្នុងតំបន់ និងផ្តល់អត្ថប្រយោជន៍ដល់វិស័យឧស្សាហកម្ម។
ដើម្បីអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យភស្តុភារក្នុងតំបន់ ក្រុមហ៊ុន CBRE បានផ្តល់អនុសាន៍ថា កម្ពុជាចាំបាច់ត្រូវបន្តអភិវឌ្ឍន៍ បណ្តាញហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ ការស្ថាបនាព្រែកជីកហ្វូណនតេជោបង្ហាញ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវសន្ទស្សន៍នៃការអនុវត្តន៍ភ័ស្តុភារ (LPI) ដោយសារបច្ចុប្បន្ន ការដឹកជញ្ជូនរបស់កម្ពុជា នៅមានសភាពយឺតយ៉ាវបើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់។
កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនចំនួន៣ខ្សែ ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប- ប៉ោយប៉ែត។
រដ្ឋាភិបាលក៏កំពុងរៀបចំផែនការមេ គ្រប់ជ្រុងជ្រោយលើប្រព័ន្ធដឹកជញ្ជូន និងភស្តុភារអន្តរកម្មកម្ពុជាឆ្នាំ ២០២៣-២០៣៣ ដោយត្រូវការទុនវិនិយោគជាង៣៦ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ គម្រោងខ្នាតយក្សក្នុងតំបន់ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន និងគម្រោង Land Bridge តម្លៃរាប់ពាន់់លានដុល្លារ របស់ប្រទេសថៃ ក៏នឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការដឹកជញ្ជូនរបស់កម្ពុជាផងដែរ៕