តម្លៃលំនៅដ្ឋានថ្លៃៗនៅទីក្រុងលំដាប់ទី១ក្នុងប្រទេសចិន បង្ហាញភាពធន់

0

តម្លៃលំនៅដ្ឋានថ្លៃៗនៅទីក្រុងលំដាប់ទី១ក្នុងប្រទេសចិន បង្ហាញភាពធន់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការបង្ហាញភាពធន់ នៃទីផ្សារអចលនទ្រព្យប្រណីត នៅក្នុងប្រទេសចិន បានជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍ពន្លឿនការដាក់លក់ផ្ទះលំដាប់ខ្ពស់ ក្នុងគោលដៅស្តារប្រាក់ចំណូលរបស់ពួកគេឡើងវិញ។

កាលពីថ្ងៃទី២៥ ខែសីហា ផ្ទះចំនួន៣៣យូនីត ស្ថិតក្នុងគម្រោងលំនៅដ្ឋានប្រណីត Blossoms China នៅទីក្រុងសៀងហៃ ក្រោមការអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន Sunac China Holdings និងក្រុមហ៊ុន Xinhu Zhongbao ត្រូវបានលក់ដាច់ទាំងអស់ ដោយរកបានចំណូលប្រហែល២៥២,៨លានដុល្លារ។

ផ្ទះទាំងនេះមានទំហំ ចាប់ពី២៦៧ម៉ែត្រការ៉េ ដល់៤៥៦ម៉ែត្រការ៉េក្នុងមួយយូនីត និងត្រូវបានលក់ក្នុងតម្លៃជាមធ្យមចំនួន១៧០.០០០យ័ន(ប្រហែល ២៣.៨៦៣ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមក្រុមហ៊ុន Sunac។

ដោយមានទីតាំងក្នុងសង្កាត់ Huangpu គម្រោង Blossoms China មានផ្ទះល្វែងសរុបចំនួន៥៣៣យូនីត និងផ្ទះ Townhouse ចំនួន១៥១យូនីត នឹងត្រូវដាក់លក់ចំនួន៤ជុំ។ក្រុមហ៊ុន Sunac បញ្ជាក់ថា ការបើកលក់ផ្ទះនៅជុំទី២ អាចនឹងចាប់ផ្តើមមុនដំណាច់ឆ្នាំនេះ។

យោងតាមគេហទំព័រផ្តល់ព័ត៌មាន អចលនទ្រព្យFang.com បានរាយការណ៍ឱ្យដឹងថា តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងសៀងហៃ ត្រូវបានដាក់លក់ក្នុងទំហំទឹកប្រាក់៦៤.៤៦៦យ័ន(ប្រហែល៩.០៥០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េកាលពីខែកក្កដា។

តម្លៃផ្ទះប្រណីត នៅក្នុងបណ្តាទីក្រុងលំដាប់ទី១ របស់ប្រ ទេសចិននៅតែរក្សាបាននូវភាពធន់ ទោះបីជាវិស័យអចលនទ្រព្យចិនជារួមកំពុងបន្តធ្លាក់ចុះយ៉ាងណាក្តី។

លោក Yang Kewei អ្នកវិភាគនៅក្រុមហ៊ុនសាជីវកម្មព័ត៌ មានអចលនទ្រព្យចិន (CRIC) បានគូសបញ្ជាក់ថា តម្លៃផ្ទះប្រ ណីត ស្ថិតក្នុងគម្រោងមួយចំនួននៅទីក្រុងប៉េកាំង និងទីក្រុងសៀងហៃបានកើនឡើង ខណៈតម្លៃផ្ទះធម្មតា នៅក្នុងទីក្រុងទាំង២នេះ បានដាំក្បាលចុះចាប់ពី២០% ទៅ៣០%។

និន្នាការ​នេះ​ក៏បានកើតឡើង ​នៅ​តាមទីក្រុង​លំដាប់​ទី​១ផ្សេង​ទៀតដែរ។ តួយ៉ាង ក្រុមហ៊ុន Overseas Land & Investment ត្រូវបានគេរំពឹងថា នឹងបើកដំណើរការលក់ផ្ទះល្វែងចំនួន៦៩យូនីត ក្នុងសង្កាត់ Nanshan នៃទីក្រុងស៊ិនជិន នៅចុងខែកញ្ញាខាងមុខ។ ផ្ទះទាំងនោះ នឹងមានតម្លៃចាប់ពី១៣ម៉ឺនយ័ន ដល់១៨ម៉ឺនយ័ន ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here