ប្រទេសចិន និងតំបន់អាស៊ានសហការភាពដៃគូក្នុងការស្វែងរកគម្រូជំរុញកំណើនសេដ្ឋកិច្ចតាមផ្លូវសមុទ្រ
ដោយ: គង់ លាងហួរ
អន្តរជាតិ: សិក្ខាសាលាដ៏សំខាន់មួយ ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកមធ្យោបាយថ្មី ក្នុងការកសាងភាពជាដៃគូសេដ្ឋកិច្ចបៃតង រវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
សិក្ខាសាលាត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងការអភិវឌ្ឍន៍ (CIRD) វិទ្យាស្ថាន Hainan សម្រាប់ការសិក្សា កំពង់ផែពាណិជ្ជកម្មសេរី និងវិទ្យាស្ថានសិក្សាអាស៊ីបូព៌ា នៅសាកលវិទ្យាល័យ Thammasat របស់ប្រទេសថៃ។
កិច្ចពិភាក្សានៅក្នុងសិក្ខាសាលានេះ បានគ្របដណ្តប់លើប្រធានបទជាច្រើន រួមមាន ទាំងកិច្ចសហប្រតិបត្តិការទៅលើ វិស័យចិញ្ចឹមសត្វសមុទ្រ វិស័យទេសចរណ៍តាមនាវា និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។
លោក Chi Fulin ប្រធានវិទ្យាស្ថាន CIRD បានកត់សម្គាល់ថា ការបង្កើតកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងតំបន់អាស៊ាន និងការកសាងភាពជាដៃគូសេដ្ឋកិច្ចខៀវចិន-អាស៊ាន នឹងជំរុញការបង្កើតគំរូថ្មី នៃអភិបាលកិច្ចតាមមហាសមុទ្រ តាមរយៈកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ ដោយបញ្ចេញនូវសក្តានុពលដ៏ធំ នៃសេដ្ឋកិច្ចរបស់មហាសមុទ្រ និងគាំទ្រការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោក Ong Tee Keat ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ីថ្មីប្រកបដោយបរិយាប័ន្ន បានសង្កត់ធ្ងន់លើភាពចាំបាច់របស់តំបន់អាស៊ាន និងចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចពណ៌ខៀវ ដូចជាការធ្វើពាណិជ្ជកម្មផលិតផលជលផល។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ឱ្យមានការដាក់ចេញវិធានការបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅនៃចក្ខុវិស័យ ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន -ចិនឆ្នាំ២០៣០ខាងមុខ។
ចំណែកលោក Chaiwat Meesanthan នាយកវិទ្យាស្ថានសិក្សាអាស៊ីបូព៌ា នៃសកលវិទ្យាល័យ Thammasat បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងអាចត្រូវបានធ្វើឡើង ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ក្នុងវិស័យចិញ្ចឹមសត្វសមុទ្រ ឧស្សាហកម្មជលផល ខ្សែសង្វាក់ផ្គត់ផ្គង់ កំពង់ផែ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជំនាញ កាន់តែមានភាពស៊ីជម្រៅ។
លើសពីនេះ លោក Guo Da អនុប្រធានវិទ្យាស្ថាន Hainan សម្រាប់ការសិក្សា កំពង់ផែពាណិជ្ជកម្មសេរី បានអះអាងថា កំពង់ផែពាណិជ្ជកម្មសេរី Hainan ស្ថិតនៅចំទីតាំងល្អ និងអាចដឹកនាំកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជលផល វិស័យទេសចរណ៍តាមនាវា កិច្ចការពារប្រព័ន្ធអេកូឡូស៊ីមហាសមុទ្រ ការរុករកធនធាន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ ដើម្បីសម្រេចលទ្ធផល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ប្រភព: Xinhua៕