ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines សម្រេចបញ្ឈរជើងយន្តហោះAirbus ចំនួន១១គ្រឿង

0

ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines សម្រេចបញ្ឈរជើងយន្តហោះAirbus ចំនួន១១គ្រឿង

ដោយ: គង់ លាងហួរ

ហាណូយ: អ្នកជំនាញមួយរូបលើកឡើងថា បញ្ហាកង្វះខាតយន្តហោះ នៅក្នុងប្រទេសវៀតណាម នឹងបន្តអូសបន្លាយដល់ដំណាច់ចុងឆ្នាំ២០២៥ខាងមុខ ដោយសារម៉ាស៊ីនយន្តហោះរាប់ពាន់គ្រឿង កំពុងត្រូវបានជួសជុលឡើងវិញ នៅជុំវិញពិភពលោក។

ទាក់ទងនឹងបញ្ហាប្រឈមខាងលើ លោក Le Hong Ha នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានបញ្ឈរជើងយន្តហោះ Airbus A321neo ចំនួន១១គ្រឿង ដោយសារតែបញ្ហាគ្រឿងម៉ាស៊ីន។

ម៉ាស៊ីនប្រហែល៣.៥០០គ្រឿង ត្រូវបានប្រមូលចូលទៅក្នុងឃ្លាំងវិញនៅទូទាំងពិភពលោក ហើយការជួសជុលត្រូវចំណាយពេលជាមធ្យមចាប់ពី៩០ថ្ងៃដល់៣០០ថ្ងៃ។

ម៉ាស៊ីនមួយចំនួននៅក្នុងយន្តហោះ ដែលមានតួខ្លួនធំ ដូចជាយន្តហោះ Airbus A350 និងយន្តហោះ Boeing B787 បានជួបប្រទះបញ្ហាបច្ចេកទេស ខណៈក្រុមហ៊ុនVietnam Airlines ក៏បានប្រើប្រាស់យន្តហោះទាំង២ប្រភេទនេះផងដែរ។

ម្យ៉ាងទៀត ការផ្គតផ្គង់យន្តហោះថ្មីរបស់ក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing អាចនឹងត្រូវបានពន្យារពេលដល់ឆ្នាំ២០៣០ ឬឆ្នាំ២០៣១ខាងមុខ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Vnexpress

អាស្រ័យហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងលុបចោលផែនការលក់យន្តហោះ Airbus A321neoចំនួន៦គ្រឿង បន្ទាប់ពីបានអនុម័តកាលពីឆ្នាំមុន។ ប៉ុន្តែ​នៅក្នុង​រយៈពេល​វែង ក្រុមហ៊ុននៅ​តែ​ពិចារណា​ទិញ​យន្តហោះ​មានតួ​ខ្លួន តូច​ចំនួន៥០គ្រឿង​ក្រោយ​ឆ្នាំ២០៣០។

លើសពីនេះ ម្ចាស់ភាគហ៊ុនមួយរូបបានសាកសួរថា “តើក្រុមហ៊ុន Vietnam Airlines គ្រោងទិញយន្តហោះរបស់ក្រុមហ៊ុន Comac ផលិតនៅក្នុងប្រទេសចិនឬយ៉ាងណា?”

ជុំវិញសំណួរនេះ លោក Le Hong Ha បានឆ្លើយតបថា ក្រុមហ៊ុនចិន Comac កំពុងស្នើសុំអាជ្ញាប័ណ្ណ ដើម្បីបើកដំណើរការយន្តហោះ C919 របស់ខ្លួននៅទូទាំងពិភពលោក ហើយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់យើងកំពុងតាមដានដំណើរការនេះ៕ប្រភព: Vnexpress

 

LEAVE A REPLY

Please enter your comment!
Please enter your name here