ការព្យាករណ៍: ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងអភិវឌ្ឍន៍សណ្ឋាគារថ្មី៣២ម៉ឺនបន្ទប់នៅត្រឹមឆ្នាំ២០៣០
ដោយ: គង់ លាងហួរ
រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងត្រៀមពង្រីកវិស័យបដិសណ្ឋារកិច្ចរបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍សណ្ឋាគារថ្មីឱ្យបានចំនួន៣២ម៉ឺនបន្ទប់ នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការវិភាគដោយក្រុមហ៊ុនអចលនទ្រព្យសកល Knight Frank ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ Knight Frank បានបង្ហាញថា ចំនួន៦៧ភាគរយនៃសណ្ឋាគារទាំង៣២ម៉ឺនបន្ទប់គ្រោងសាងសង់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រភេទសណ្ឋាគារលំដាប់ផ្កាយ៤ និងសណ្ឋាគារលំដាប់ផ្កាយ៥។
ចំណាត់ការនេះមានគោលបំណង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យទេសចរណ៍ ដោយអារ៉ាប៊ីសាអូឌីតត្រូវបានគេព្យាករណ៍ថា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍ ក្នុងស្រុក និងអន្តរជាតិសរុបចំនួន១៥០លាននាក់ នៅឆ្នាំ២០៣០ខាងមុខ។
លោក Turab Saleem ដៃគូ និងជាប្រធានផ្នែកបដិសណ្ឋារកិច្ចនៅក្រុមហ៊ុនKnight Frank ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក បានលើកឡើងថា “ជាមួយនឹងគោលដៅនៃការស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន១៥០លាននាក់នៅឆ្នាំ២០៣០ រដ្ឋាភិបាល កំពុងស្វែងរកនូវយុទ្ធសាស្រ្តផ្សេងៗយ៉ាងសកម្ម ដើម្បីទាក់ទាញអ្នកធ្វើដំណើរអន្តរជាតិ”។
លោក Saleem បានកត់សម្គាល់ថា យុទ្ធសាស្ត្រទាំងនេះ រួមបញ្ចូលទាំង ការផ្តល់ជូនបែបវប្បធម៌ និងការកម្សាន្តទូទាំងប្រទេស ដើម្បីនឹងបំពេញបន្ថែមនូវភាពទាក់ទាញមានស្រាប់ ដូចជាការប្រណាំងម៉ូតូ (Jeddah F1 Grand Prix) និងសកម្មភាពកម្សាន្តជាច្រើនទៀត។
យោងតាមការវិភាគ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយនេះបានបង្ហាញឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនAccor Hotel Group នឹងធ្លាក់តំណែងពីប្រតិបត្តិករ ផ្គត់ផ្គង់បន្ទប់សណ្ឋាគារច្រើនជាងគេបង្អស់ទី១នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មកនៅត្រឹមចំណាត់ថ្នាក់ទី២ ជាមួយនឹងការគ្រប់គ្រងសណ្ឋាគារចំនួន២៥.៤០០បន្ទប់នៅត្រឹមឆ្នាំ២០៣០។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Marriott International នឹងអាចក្លាយជាប្រតិបត្តិករ សណ្ឋាគារធំជាងគេបំផុតទី១ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈក្រុមហ៊ុននឹងគ្រប់គ្រងសណ្ឋាគារប្រមាណ២៦.២០០បន្ទប់ នៅត្រឹមឆ្នាំ២០៣០។នេះបើយោងតាមក្រុមហ៊ុន Knight Frank៕ប្រភព: Arab News៕