ប្រសិនជាក្នុងទីផ្សារមានភ្នាក់ងារអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណច្រើន តើនឹងមានបញ្ហាអ្វីខ្លះក្នុងទីផ្សារ?

0

ប្រសិនជាក្នុងទីផ្សារមានភ្នាក់ងារអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណច្រើន តើនឹងមានបញ្ហាអ្វីខ្លះក្នុងទីផ្សារ?

       ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ នៅពេលទីផ្សារកំពុងលំបាក ស្ថានភាពក្នុងបច្ចុ​ប្បន្ន បានកើតមានភ្នាក់ងារអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណច្រើន ដែលបាន និងកំពុងធ្វើឲ្យប៉ះពាល់ដល់ ទំនុកចិត្តទីផ្សារបន្ថែមទៀត។

ការកសាងមូលដ្ឋាននៃការជឿទុកចិត្ត ក្នុងទីផ្សារមានសារៈសំខាន់ណាស់ ដើម្បីជម្រុញឲ្យវិស័យនេះងើបឡើងវិញ ប្រក​បដោយទំនុកចិត្ត និងអាចទទួលយកបាន ក្នុងពេលស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់។

លោកឧកញ៉ាចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ស្របពេលស្ថានភាពទីផ្សារ កំពុងងើបឡើងវិញបណ្តើរៗ យើងទាមទារឲ្យមានការរួបរួមគ្នា ដើម្បីផ្តល់ទំនុកចិត្តដល់ទីផ្សារនេះ ពិសេសយើងស្នើឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ ធ្វើការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដើម្បីពួកគេទទួលបានចំណេះដឹងបន្ថែម និងឈានទៅបើកក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណផ្លូវការ។

លោកបន្តថា “ការកសាងមូលដ្ឋានទំនុកចិត្ត គឺផ្តើមចេញពីច្បា​ប់ ហេតុនេះក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ គួរតែរត់ររកច្បាប់ ដើម្បីឲ្យអ្នកវិនិយោគអន្តរជាតិជឿទុកចិត្ត និងចូលមកវិនិយោគនៅកម្ពុជា”។ លោកបន្តថា “សមាគមបានធ្វើកិច្ចការច្រើ​នណាស់ ដើម្បីជម្រុញនិងលើកកំពស់ទំនុកចិត្ត ក្នុងទីផ្សារនេះ ប៉ុន្តែជួនកាលមានអ្នកគួកជេរពីរ បីនាក់ បានបោកប្រាស់អ្នកវិនិយោគ ដែលសភាពបែបនេះ បានធ្វើឲ្យខូចទីផ្សារទាំង​មូល”។

លោកឧកញ៉ាចេង ខេងបានបន្តថា មានអ្នកវិនិយោគបរទេសមួយចំនួន ពួកគេនិយាយអាក្រក់ពីកម្ពុជា ដោយសារពួកគេមកកម្ពុជា ជួបក្រុមបោកប្រាស់ ប៉ុន្តែការពិតមិនដូច្នេះទេ នៅទីនេះមានមនុស្សល្អៗច្រើន ដែលអ្នកវិនិយោគអាចស្វែងរកបាន ឬមកជួបជាមួយថ្នាក់ដឹកនាំសមាគម នៅពេលពួកគេមកកាន់កម្ពុជា។

បច្ចុប្ប​ន្នសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានសមាជិក ដែលមានក្រុមហ៊ុ​នស្របច្បាប់ជាង២០០ ដែ​លបាននិង កំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការជួយដល់វិស័យនេះ។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅពេលយើងមានក្រុមហ៊ុនស្របច្បាប់ យើងអាចធ្វើការងារប្រកបដោយទំនុកចិត្ត និងអាចកសាងទំនុកចិត្តលើទីផ្សារបាន ពិសេសអតិថិជន ដែលស្វែងរកដៃគូសហការ ឬឲ្យយើងបំពេញសេវាកម្មជូនពួកគេ ពួកគេមានអារម្មណ៍កក់ក្តៅ។

លោកស្រីបន្តថា “ការរត់រកច្បាប់ ពិសេសអ្នកនៅក្នុងវិស័យអចលនទ្រព្យ ពួកគេនឹងទទូលបានជោគជ័យ និងមានផ្លូវដើរវែងឆ្ងាយ និងទទួលបានទំនុកចិត្តពិតប្រាកដ”។

ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា សមាគមស្វាគមន៍ អ្នកដែលមានបំណងបំពេញ ឬសិក្សាដកស្រង់បទពិសោធន៍ ដើម្បីឈានទៅរត់រកច្បាប់ឲ្យបានត្រឹមត្រូវ។

លោកបន្តថា “យើងគួររួមគ្នាធ្វើសួនផ្កា ឲ្យស្រស់ស្អាត ដើម្បីឲ្យមេអំបៅហើរមករកយើង ជាជាងយើងរត់ដេញចាប់មេអំបៅ”។ លោកបន្តថា “សមាគមស្វាគមន៍អ្នកវិនិយោគជាតិ អន្តរជាតិ ដែលចង់សិក្សា និងពិគ្រោះយោបល់លើការវិនិយោគ ដើម្បីបញ្ចៀសហានិភ័យ ព្រោះពួកយើងសុទ្ឋតែមានជំនាញក្នុងទីផ្សារនេះរយៈពេលយូរឆ្នាំ និងបំពេញការងារដោយក្រមសីលធ៌ម និងវិជ្ជាជីវៈ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here