រមណីយដ្ឋានកោះរ៉ុងរបស់កម្ពុជាជាប់ក្នុងបញ្ជីឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំនួន៧នៅតំបន់អាស៊ាន
ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងចំណោមឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតជាច្រើននៅលើពិភពលោក ឆ្នេរសមុទ្រនៅតំបន់អាស៊ាន ជាឋានសួគ៌មួយមិនអាចមើលរំលងបាន និងបានលេចត្រដែតឡើងជាគោលដៅទេសចរណ៍ ពេញនិយមបំផុតមួយ របស់ពិភពលោក។
ជាក់ស្ដែង ទស្សនាវដ្តីទេសចរណ៍ និងរបៀបរស់នៅប្រណីត Condé Nast Traveler របស់សហរដ្ឋអាមេរិក បានចុះផ្សាយនូវអត្ថបទរៀបរាប់ អំពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំនួន៧ ស្ថិតនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
ឆ្នេរសមុទ្រ Saracen Bay មានទីតាំងនៅតំបន់រមណីយដ្ឋានកោះរ៉ុងសន្លឹម របស់ប្រទេសកម្ពុជា ក៏បានស្ថិតក្នុងបញ្ជីឆ្នេរសមុទ្រដ៏ស្រស់ស្អាត ចំនួន៧ក្នុងតំបន់អាស៊ាន របស់ទស្សនាវដ្តីទេសចរណ៍អាមេរិកផងដែរ។
ប្រសិនបើភ្ញៀវទេសចរណ៍ កំពុងស្វែងរកទីតាំងសម្រាកលំហែរកាយ ឆ្ងាយពីហ្វូងមនុស្សច្រើនកុះករ កោះរ៉ុងសន្លឹម ជាជម្រើសដ៏ល្អ ខណៈឆ្នេរសមុទ្រនៅកម្ពុជាមួយនេះ ទទួលបានភ្ញៀវទេសចរណ៍ ទៅលេងកំសាន្តតិចតួច បើធៀបនឹងឆ្នេរសមុទ្រនៅប្រទេសជិតខាង ដូចជា វៀតណាម ប្រទេសថៃជាដើម។
ភ្ញៀវទេសចរណ៍ អាចចំណាយពេលប្រហែល៣០នាទី ជិះទូកពីខេត្តព្រះសីហនុ មកកាន់កោះឋានសួគ៌។ ឆ្នេរ Saracen ជាឆ្នេរខ្សាច់ពណ៌សដ៏ស្រស់ស្អាត និងផ្តល់ភាពកក់ក្តៅ ហើយមានជម្រៅរាក់ និងទឹកថ្លាឈ្វេង ដោយផ្តល់នូវភាពស្ងប់ស្ងាត់ស័ក្តិសម សម្រាប់ការសម្រាកលំហែនៅលើឆ្នេរ។
លើសពីនេះ រមណីយដ្ឋានឆ្នេរសមុទ្រ កោះរ៉ុងសន្លឹមមានជម្រើសទីតាំងស្នាក់នៅដ៏ល្អប្រសើរ និងមានភោជនីយដ្ឋានតាមមាត់ឆ្នេរសមុទ្រ ដោយភ្ញៀវទេសចរណ៍អាចមកទទួលទានអាហារ និងទស្សនានូវទិដ្ឋភាពឆ្នេរសមុទ្រ ដ៏ទាក់ទាញក្នុងពេលតែមួយ។
សម្រាប់ភ្ញៀវទេសចរណ៍ កំពុងមានបំណងធ្វើលំហាត់ប្រាណ ពួកគេអាចជួលទូកកាយ៉ាក់ ឬក្តារបន្ទះជិះនៅលើផ្ទៃសមុទ្រ ឬធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរ Lazy ស្ថិតនៅផ្នែកម្ខាងទៀតនៃកោះរ៉ុង ដោយចំណាយពេលដើរថ្មើរជើង ប្រហែល៣០នាទីដើម្បីទៅជ្រមុជទឹក ឬហែលទឹក។
ចំណែក ឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាំង៦ផ្សេងទៀត រួមមាន ឆ្នេរ Tonsai និងឆ្នេរ Buffalo នៅប្រទេសថៃ ឆ្នេរ Coral Bay នៅប្រទេសម៉ាឡេស៊ី ឆ្នេរ Bawah Reserve នៅប្រទេសឥណ្ឌូនេស៊ី ឆ្នេរ Cat Co 3 នៅប្រទេសវៀតណាម និងឆ្នេរ Panagsama នៅប្រទេសហ្វីលីពីន៕ប្រភព:Condé Nast Traveler៕